នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏ទទួលបានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដែលមានជប៉ុនធ្វើជាម្ចាស់ផ្ទះ ខណៈកិច្ចប្រជុំនឹងធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងមានរយៈពេល ៣ថ្ងៃទី ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ឧសភា។
ដំណើរទស្សនកិច្ចមួយនេះ នឹងក្លាយជាការធ្វើដំណើរទៅកាន់ទីក្រុងជប៉ុនរបស់នាយករដ្ឋមន្ត្រីឥណ្ឌាតំបូង តាំងពីឥណ្ឌាធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរនៅទីក្រុង Pokhran ក្នុងឆ្នាំ ១៩៧៤។
ដោយឡែក នាយករដ្ឋមន្ត្រីឥណ្ឌាចុងក្រោយ ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺលោក Jawaharlal Nehru កាលពីឆ្នាំ ១៩៥៧ ពោល ១២ឆ្នាំ បន្ទាប់ពីទីក្រុងមួយនេះទទួលរងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងឆ្នាំ ១៩៤៥។
វត្តមានរបស់លោក Modi នៅទីក្រុង Hiroshima មានសារៈសំខាន់ ដោយសារប្រទេសឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Indian Express ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសឥណ្ឌា លោក Hiroshi F Suzuki បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ចង់ឱ្យ Modi ពន្យល់ដល់មេដឹកនាំ G7 នៅក្នុងកិច្ចប្រជុំនៅទីក្រុង Hiroshima នូវអ្វីដែលគាត់ជាតំណាង “សំឡេងនៃសកលខាងត្បូង” និងមានបំណងដើម្បីដាក់លើរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G20 ទាក់ទងនឹងបញ្ហាប្រឈមជាសកល រួមទាំងសន្តិសុខស្បៀងផងដែរ។
សូមជម្រាបដែរថា បន្ទាប់ពីបំពេញភារកិច្ចនៅជប៉ុនចប់សព្វគ្រប់ នាយករដ្ឋមន្ត្រីឥណ្ឌា នឹងបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាពួញូហ្គីណេ និងអូស្ត្រាលីថែមទៀតផង៕