ចក្រភពអង់គ្លេស ប្រកាសបោះទុនវិនិយោគជាង ១ពាន់លានដុល្លារ លើវិស័យបន្ទះឈីប

អន្តរជាតិ

ថ្មីៗ ចក្រភពអង់គ្លេស បានធ្វើការប្រកាសថាខ្លួននឹងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ចំនួន ១ពាន់លានផោន (១,២៦ពាន់លានដុល្លារ) សម្រាប់វិស័យបន្ទះឈីប semiconductor របស់ខ្លួន ក្នុងគោលបំណងពង្រឹងឧស្សាហកម្មក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានថ្មីមួយ ដែលទើបនឹងត្រូវបានបង្កើកតឡើងដល់រដ្ឋាភិបាល មានឈ្មោះថា DSIT ដែលផ្តោតទៅលើវិទ្យាសាស្រ្ត នវានុវត្តន៍ និងបច្ចេកវិទ្យា បាននិយាយថា ការបណ្តាក់ទុនដ៏ច្រើននេះ អាចនឹងជួយឱ្យចក្រភពអង់គ្លេស ផ្តោតទៅលើតួនាទីរបស់ខ្លួន ក្នុងការរចនាបន្ទះឈីប ដែលអាចប្រើប្រាស់ នៅក្នុងអ្វីៗបានគ្រប់យ៉ាង ដោយរាប់ចាប់តាំងពិរថយន្ត រហូតដល់ស្មាតហ្វូន និងម៉ាស៊ីនបោកគក់ ជាដើម ។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖” ចំពោះយុទ្ធសាស្រ្តថ្មីមួយនេះ អាចនឹងជួយឱ្យយើងផ្តោតលើការខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ភាពខ្លាំងរបស់យើងនៅក្នុងវិស័យជាច្រើន ដូចជា ការស្រាវជ្រាវ និងការរចនា ដូច្នេះយើងអាចនឹងកសាងការប្រកួតប្រជែង នៅលើពិភពលោកបាន ” ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន លោក Sunak កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីចូលក្នុងកិច្ចប្រជុំកំពូល G7 ដែលជាកន្លែងលោកបានយល់ព្រមជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដើម្បីចាប់ផ្តើមសាងភាពជាដៃគូ នៅក្នុងវិស័យបន្ទះឈីប ជុំវិញការសហការគ្នាទៅលើការស្រាវជ្រាវ និងជំរុញភាពធន់ននៃខ្សែសង្វាក់ផ្គត់ផ្គង់ ស្របពេលអង់គ្លេស ក៏មានកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ៕