កិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅប្រទេសជប៉ុន បានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ខណៈក្នុងកិច្ចប្រជុំមួយនោះ ក្រុមប្រទេសប្រជាធិបតេយ្យទាំង ៧ បានចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងចោទចិនថា កំពុងបង្កបញ្ហាដល់សេដ្ឋកិច្ចសកល។
យោងតាមការចុះផ្សាយពី CNN បានបង្ហាញថា ចិននិងរុស្ស៊ីមិនបានឱបដៃ មើលសម្ព័ន្ធមិត្តលោកខាងលិចវាយប្រហារមកលើពួកគេឡើយ ពោលគឺបានចេញថ្កោលទោសចំពោះក្រុម G7 វិញ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បាននិយាយចំៗថា ក្រុម G7 កំពុងឈ្លក់វង្វេងនឹង “ភាពអស្ចារ្យរបស់ខ្លួនឯង” និងកំពុងព្យាយាមរារាំងដល់កិច្ចសហប្រតិបត្តិការណ៍រវាងចិន និងរុស្ស៊ី។
ដោយឡែក ក្រសួងការបរទេសចិនវិញក៏បានថ្កោលទោសចំពោះមេដឹកនាំ G7 ទាំងនោះថា កំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិភាពពិភពលោក និងសង្កត់ធ្ងន់ថា ក្រុមមួយនេះត្រូវតែពិចារណាលើអាកប្បកិរិយា និងផ្លាស់ប្ដូរយុទ្ធសាស្ត្រដើរជាបន្ទាន់៕