តើអ៊ុយក្រែនទទួលបានអ្វីខ្លះ ពីកិច្ចប្រជុំកំពូល G7?

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើឲ្យមហាជន​ភ្ញាក់ផ្អើលជាខ្លាំង ចំពោះការ​បង្ហាញវត្តមាន​នៅកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន​នាពេល​កន្លង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះការចូលរួមកិច្ចប្រជុំកំពូលមួយនេះ អ៊ុយក្រែន​ទទួលបាន​ផលចំណេញជាច្រើន​ ដូចជា​ទទួលបាន​កញ្ចប់ជំនួយ​ទាំងផ្នែកសព្វាវុធ ហិរញ្ញវត្ថុ និងជាពិសេស​គឺ​ការ​គាំទ្រ​យ៉ាងមុតមាំ​ពី​ក្រុម​មហាអំណាច G7។ នេះបើតាមការចុះផ្សាយពី CNA។

លោក Zelenskyy បាន​ឆ្លៀតឱកាស​ប្រើ​និមិត្តសញ្ញា​ដ៏​មាន​អំណាច​របស់ G7 ដាក់គំនាប​បន្ថែមទៅលើ​ប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តដទៃ​ ដែលពាក់ព័ន្ធ​នឹង​ករណីសង្គ្រាម​រ៉ាំរ៉ៃ​រយៈពេល ១៥ខែ​មក​នេះ។

បន្ថែមពីនោះ អ៊ុយក្រែន​ទទួលបាន​ការ​សន្យា​ផ្គត់ផ្គង់​យន្តហោះចំបាំង​ទំនើបៗ​ពីអាមេរិក និងឱកាស​អូសទាញ​មហាអំណាច​ផ្សេងទៀត ដែល​មិនទាន់​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេសរុស្ស៊ី ដូចជាឥណ្ឌាជាដើម ឲ្យចូលមក​បក្សសម្ព័ន្ធ​របស់ខ្លួន។

មិនតែប៉ុណ្ណោះ ដោយសារតែទីតាំងកិច្ចប្រជុំ​ធ្លាប់ជា​សមរភូមិដ៏ក្ដៅគគុក​ក្នុងអំឡុងសង្គ្រាមលោក​លើកទី ២ផង ប្រធានាធិបតីអ៊ុយក្រែន​ឆ្លៀតឱកាស​ទាញយក​ស្ថានការណ៍​សង្គ្រាម​នៅ​អ៊ុយក្រែន មក​ជជែកគ្នា ដែលធ្វើ​ឲ្យ​សម្ព័ន្ធមិត្តលោកខាងលិច​កាន់តែ​ក្ដៅស្លឹកត្រចៀក​ជាមួយ​រុស្ស៊ី​កាន់តែខ្លាំង។

“រូបភាពនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា បានធ្វើឲ្យខ្ញុំនឹកឃើញដល់ទីក្រុង Bakhmut ដែលបង្ហាញពី​ការ​បំផ្លាញ​ទាំងស្រុង គ្មានសេសសល់អ្វី និងគ្មានមនុស្សនៅទីនោះសូម្បីម្នាក់”។ នេះបើតាម​សម្ដី​របស់​លោក Zelenskyy បាននិយាយ​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​សារមន្ទីរ​របស់ទីក្រុង​ដែល​រង​ការ​បំផ្លាញ ពីការ​ទម្លាក់គ្រាប់បែកបរមាណូ កាលពីឆ្នាំ ១៩៤៥។

យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែននៅតែអះអាងថា រុស្ស៊ីមិនទាន់​គ្រប់គ្រង Bakhmut ទាំងស្រុងឡើយ បើទោះជា​បច្ចុប្បន្ន​កងកម្លាំងរុស្ស៊ី​កំពុង​មាន​វត្តមាននៅ​ទីក្រុងមួយ​នេះ​ព្រោងព្រាតក្ដី៕