ចិន កោះហៅឯកអង្គរាជទូតជប៉ុនជាបន្ទាន់ ជុំវិញការនិយាយមិនពិតក្នុងកិច្ចប្រជុំ G7

អន្តរជាតិ

យោងតាមការប្រកាសមួយ កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានធ្វើការកោះហៅឯកអគ្គរាជទូតជប៉ុន ដើម្បីមកនិយាយប្រឆាំងតវ៉ា ជុំវិញការលើកឡើងដោយបំផ្លើសទៅនឹងបញ្ហានានាទាក់ទងជាមួយប្រទេសចិន ក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅចុងសប្តាហ៍មុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ មេដឹកនាំនៃបណ្តាប្រទេស G7 បានមកជួបជុំគ្នា នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ជាមួយនឹងការសម្តែងពីក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃភាពតានតឹង នៅក្នុងតំបន់សមុទ្រចិនខាងកើត និងខាងត្បូង ក៏ដូចជាក្តីបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសចិន រួមទាំងនៅទីបេ និងស៊ីនជាំង ផងដែរ ។

យ៉ាងណាមិញ បន្ទាប់ពីមានការលើកឡើងបែបនេះ លោក Sun បាននិយាយថា ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បានសហការជាមួយប្រទេសផ្សេងទៀត នៅក្នុងសកម្មភាព និងសេចក្តីប្រកាសរួម ដើម្បីលាបពណ៌ និងវាយប្រហារចំៗមកលើប្រទេសចិន ហើយជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃនៅក្នុងប្រទេសរបស់ខ្លួន ផងដែរ។

មិនតែប៉ុណ្ណោះ អនុរដ្ឋមន្ត្រីការបរទេសចិនរូបនេះ បាននិយាយទៀតថា សកម្មភាពរបស់ជប៉ុន គឺបានធ្វើឱ្យខូចដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍរបស់ចិន ហើយថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ថា ចិននឹងមិនទទួលយក និងប្រឆាំងដាច់ខាតចំពោះ​ទង្វើ​ទាំងនេះ ។

លើសពីនេះ លោក Sun បានសង្កត់ធ្ងន់ថា ៖ “ប្រទេសជប៉ុនគួរតែកែតម្រូវការយល់ឃើងរបស់ខ្លួនអំពីប្រទេសចិន ដោយចាប់យកស្វ័យភាពជាយុទ្ធសាស្រ្ត ហើយប្រកាន់ខ្ជាប់នូវគោលការណ៍នៃឯកសារនយោបាយទាំងបួនរ វាងចិន និងជប៉ុន ដើម្បីជំរុញឱ្យមានការអភិវឌ្ឍជាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ជាមួយនឹងអាកប្បកិរិយាស្ថាបនា” ។

ដោយឡែក លោក Hideo Tarumi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសចិន បានចេញមុខនិយាយបដិសេធវិញថា វាគឺជារឿងធម្មតាសម្រាប់កិច្ចប្រជុំកំពូល G7 ដែលសំដៅទៅលើបញ្ហា និងក្តីកង្វល់ជារួម ដូចដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លងមក ហើយនឹងបន្តធ្វើដូច្នេះនៅពេលអនាគតបន្តទៀត ដរាបណាចិនមិនផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ ៕