អត្រាអ្នកគ្មានការងារធ្វើនៅថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេលបីឆ្នាំចុងក្រោយ

អន្តរជាតិ

យោងតាមទីភ្នាក់ងារផែនការរដ្ឋថៃ បាននិយាយកាលពីថ្ងៃចន្ទថា អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសរបស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ គិតនៅត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ដោយបានធ្លាក់មកនៅ ១,០៥% ពីកម្រិត ១,១៥% សម្រាប់រយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២ នៅក្នុងតំបន់អាស៊ានមួយនេះ ហាក់ទទួលបានការកើនឡើងសេដ្ឋកិច្ចលឿនជាងការរំពុងទុក នៅក្នុងត្រីមាសទីមួយ បន្ទាប់ពីត្រូវបានជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលជាប្រភពផ្តល់ការងារដ៏សំខាន់បំផុត ។

មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាការងារបានកើនឡើង ២,៤% គិតពីក្នុងខែមករា ដល់ខែមីនា បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

ទន្ទឹមនឹងនេះ អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងខែមករា ដល់ខែមីនា ឆ្នាំនេះ បានធ្លាក់ចុះមកនៅត្រឹមចំនួន ៤២០ ០០០ នាក់ប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីត្រីមាសទី ១ ឆ្នាំ ២០២០ មក នៅមុនពេលដែលសេដ្ឋកិច្ចមិនទាន់រងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩៕