ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋីអាមេរិក Jeff Bezos បានធ្វើពិធីភ្ជាប់ពាក្យដ៏ធំសំបើមជាមួយមិត្តស្រី Lauren Sacnchez ខណៈពិធីមួយនេះធ្វើឡើងនៅលើនាវាផ្ទាល់ខ្លួនតម្លៃ ៥០០លានដុល្លារ ដែលមហាសេដ្ឋីអាមេរិកទើបនឹងទិញថ្មីៗ។
យោងតាមការចុះផ្សាយពី Page Six បានឲ្យដឹងថា ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនខែ ទីបំផុតគូស្នេហ៍មួយគូនេះ សម្រេចរឹតចំណងស្នេហ៍កាន់តែខ្លាំងជាងមុនបន្ថែមទៀត បន្ទាប់ពីទាក់ទងគ្នាកាលពីឆ្នាំ ២០១៨។
គួររំលឹកដែរថា ព័ត៌មានអំពីគូស្នេហ៍មួយគូនេះចាប់ផ្ដើមសាយភាយកាលពីឆ្នាំ ២០១៩ ប៉ុន្តែមិនទាន់ផ្ទុះខ្លាំង ដោយសារគ្រានោះស្ថាបនិក Amazon ត្រូវរង់ចាំការសម្រេចជាផ្លូវការ ពីការលែងលះជាមួយអតីតភរិយា MacKenzie Scott ជាមុនសិន។
ក្រោយលែងលះគ្នាជាផ្លូវការ លោក Jeff បានបង្ហាញមុខគូសង្សារថ្មីជាសាធារណៈ ដូចជាចូលរួមកម្មវិធីធំៗ ចេញដំណើរកម្សាន្តរួមគ្នាជាដើម៕