Meta ទទួលរងការផាកពិន័យ ១,៣ពាន់លានដុល្លារ​ ជុំវិញការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Meta ត្រូវបានរងការផាកពិន័យនៅក្នុងចំនួនទឹកប្រាក់ប្រមាណ ១,២ពាន់លានអឺរ៉ូ (១,៣ពាន់លានដុល្លារ) ដោយនិយតករឯកជនភាពរបស់សហភាពអឺរ៉ុប ជុំវិញការគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់របស់ខ្លួន ខណ:ស្ថាប័ននេះ ក៏នឹងផ្តល់ពេល ៥ ខែដល់ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សនេះ ដើម្បីបញ្ឈប់ការផ្ទេរទិន្នន័យរបស់អ្នកប្រើប្រាស់ ទៅកាន់សហរដ្ឋអាមេរិក ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងទៀតថា ការផាកពិន័យ ដែលត្រូវបានធ្វើឡើងដោយស្នងការការពារទិន្នន័យរបស់អៀរឡង់ (DPC) ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Meta បានបន្តផ្ទេរទិន្នន័យលើសពីការសម្រេចរបស់តុលាការ EU ឆ្នាំ ២០២០ ក្រោយមានការព្រមព្រៀងឱ្យលុបចោលនូវសុពលភាពនៃកិច្ចព្រមព្រៀងផ្ទេរទិន្នន័យរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ រួមទាំងការផាកពិន័យដែលមិនសមហេតុផល និងមិនចាំបាច់ ដោយវានឹងធ្វើឱ្យក្លាយជាគំរូដ៏គ្រោះថ្នាក់មួយ សម្រាប់ក្រុមហ៊ុនរាប់មិនអស់ផ្សេងទៀត ។

ក្រុមហ៊ុនបណ្តាញសង្គមនេះ ក៏បានរំលឹកជាថ្មីម្តងទៀតផងដែរថា ខ្លួនរំពឹងថាកិច្ចព្រមព្រៀងថ្មី ដែលសម្របសម្រួលការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋនៅសហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវ​អនុវត្ត​យ៉ាងពេញលេញប្រកបដោយសុវត្ថិភាពខ្ពស់ មុនពេលដែលក្រុមហ៊ុនខ្លួនត្រូវផ្អាកការផ្ទេរ។

ជុំវិញការលើកឡើងបែបនេះ វាមានន័យថា ការព្រមានពីមុនមក ដែលបង្ហាញថា ការបញ្ឈប់ការផ្ទេរទិន្នន័យ និងនាំឱ្យមានការផ្អាកការប្រើប្រាស់សេវាកម្ម Facebook នៅតំបន់អឺរ៉ុប នឹងមិនអាចកើតមានឡើងបានឡើយ ៕