ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ នឹងធ្វើការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (PTA) នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ នេះ ដើម្បីកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញតម្លៃប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
អគ្គនាយកកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Djatmiko Bris Witjaksono បាននិយាយថា នេះនឹងក្លាយជាកិច្ចព្រមព្រៀងទីពីរហើយ សម្រាប់ឥណ្ឌូនេស៊ី ជាមួយប្រទេសនៅតំបន់មជ្ឈិមបូព៌ា ខណ:កិច្ចព្រមព្រៀងទីមួយ ត្រូវបានចុះហត្ថលេខាជាមួយប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ។
លើសពីនេះ លោក Djatmiko បានបន្ថែមទៀតថា ការចុះហត្ថលេខាលើ PTA នេះ ត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Seyyed Ebrahim Raisi មកកាន់ទឹកដីប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែឧសភានេះ ។
គួរឱ្យដឹងថា ការចុះហត្ថលេខាលើ PTA នេះ នឹងបន្តជាមួយនឹងដំណើរការផ្តល់សច្ចាប័ន ដោយប្រទេសនីមួយៗ អាចបង្កើតយន្តការផ្ទាល់ខ្លួន។ ហើយចំពោះផលិតផល ដែលនឹងត្រូវចុះក្នុងបញ្ជី PTA នេះ នឹងរួមមានអាហារកែច្នៃ ផលិតផលឱសថ កៅស៊ូ ក្រដាស វាយនភណ្ឌ ឈើ ស្បែកជើង កប្បាស គ្រឿងម៉ាស៊ីនអគ្គិសនី យានយន្ត ផលិតផលិតផល សារធាតុគីមី និងអាលុយមីញ៉ូម។
ទន្ទឹមនឹងនេះ ចំពោះផលិតផលឥណ្ឌូនេស៊ី ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងទីផ្សារអ៊ីរ៉ង់ មានដូចជាប្រេងបន្លែ កាកាវ កាហ្វេ តែ គ្រឿងទេស ផ្លែឈើ បន្លែ និងត្រី ខណ:ប្រភេទមុខទំនិញទាំងនេះ ក៏អាចនឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង PTA នេះផងដែរ។
ជម្រាបជូនផងដែរថា ពាណិជ្ជកម្មសរុបរវាងឥណ្ឌូណេស៊ី និងអ៊ីរ៉ង់បាន ឈានដល់ ៥៤,១លានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីត្រូវបានកត់ត្រាក្នុងចំនួន ២៥៧,២លានដុល្លារ កាលពីឆ្នាំមុន៕