អារ៉ាប់រួម គ្រោងបោះទុន ២ពាន់លានដុល្លារ ចាប់យកឱកាសវិនិយោគនៅកូរ៉េខាងត្បូង

អន្តរជាតិ

យោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Abu Dhabi បានកំណត់គោលដៅក្នុងការបោះទុនប្រហែល ២ពាន់លានដុល្លារ ដើម្បីចាប់យកឱកាសវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីភាគីទាំងពីរ បានយល់ព្រមពង្រីកទំនាក់ទំនងអាជីវកម្មរួមគ្នា កាលពីខែមករា កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសអារ៉ាប់រួម (UAE) បានសន្យាទៅលើកិច្ចព្រមព្រៀងនេះ អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាត្បូង លោក Yoon Suk Yeol ទៅកាន់ទីក្រុង Abu Dhabi ក្នុងខែមករា ដើម្បីបោះទុនវិនិយោគដល់ទៅ ៣០ពាន់លានដុល្លារ នៅក្នុងប្រទេសអាស៊ីមួយនេះ ទៅលើវិស័យជាច្រើន រួមទាំងថាមពល និងព័ត៌មានវិទ្យាផងដែរ ។

យ៉ាងណាមិញ នៅក្នុងពេលថ្មីៗនេះ បើតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយធនាគារអភិវឌ្ឍកូរ៉េ និងក្រុមហ៊ុនវិនិយោគ Mubadala Investment Company បានបង្ហើបថា រដ្ឋាភិបាល Abu Dhabi បានធ្វើការកំណត់គោលដៅរួចរាល់ ក្នុងការបោះទុនប្រហែល ២ពាន់លានដុល្លារ ដើម្បីចាប់ឱកាសវិនិយោគដ៏មានសក្តានុពល នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពខាងលើ មិនបានបញ្ជាក់លម្អិតអំពីការវិនិយោគទៅលើអ្វីនៅឡើយនោះទេ ខណ:ភាគីប្រទេសទាំងពីរ បាននិងកំពុងស្វែងរកការវិនិយោគជាបន្តបន្ទាប់ ចាប់តាំងពីកិច្ចប្រជុំកំពូល កាលពីក្នុងខែមករានោះមក ៕