កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនបានបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិកំពុងត្រួតពិនិត្យលើកម្មវិធីផ្ដល់ប្រាក់កម្ចីទៅកាន់ទីក្រុងគៀវ ប្រមាណ ១៥,៦ពាន់លានដុល្លារ អំឡុងកិច្ចប្រជុំធ្វើឡើងនៅទីក្រុង Vienna រវាងរដ្ឋមន្ត្រីអ៊ុយក្រែន និងអ្នកជំនាញ IMF។
យោងតាមការចុះផ្សាយពី RT បានបង្ហាញថា ការពិនិត្យនេះនឹងផ្ដោតលើការអនុវត្តសេដ្ឋកិច្ចរបស់អ៊ុយក្រែន វិធានការប្រឆាំងអំពើពុករលួយ និងការកើនឡើងតម្លាភាព ដែលជាលក្ខខណ្ឌសម្រាប់ការផ្ដល់កញ្ចប់ថវិកាសកលចំនួន ១១៥ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំ។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានកំណត់លក្ខណៈនៃការពិភាក្សានេះថា ជាផ្លូវមួយដើម្បីផ្ទេរទ្រព្យសម្បត្តិរុស្ស៊ីដែលបានរឹបអូស ទៅកាន់អ៊ុយក្រែនដោយបន្ថែមថា “យើងពឹងផ្អែកលើការគាំទ្ររបស់ IMF នៅក្នុងបញ្ហាមួយនេះ” ។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ អ៊ុយក្រែនទទួលបានជំនួយជាច្រើនទាំងផ្នែកសព្វាវុធ និងហិរញ្ញវត្ថុ ពោលជំនួបរវាងប្រធានាធិបតី Volodymyr Zelenskyy នៅកិច្ចប្រជុំកំពូល G7 ជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ លោកទទួលបានការគាំទ្រពេញទំហឹង សម្រាប់ការប្រឆាំងជាមួយនឹងកងកម្លាំងរុស្ស៊ី៕