លោក ភីថា លីមចារើនរ៉ាត់ កំពុងប្រឈមនឹងបញ្ហាក្ដីក្ដាំមួយចំនួន ដែលអាចនឹងប៉ះពាល់ដល់តំណែងនាយករដ្ឋមន្ត្រី ដែលខ្វះតែបន្តិចទៀតប៉ុណ្ណោះ លោកនឹងឈោងយកវាបាន ខណៈបច្ចុប្បន្នរឿងក្ដីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
យោងតាមការចុះផ្សាយពី Bangkokpost បានឲ្យដឹងថា គណៈកម្មការកំពុងពិនិត្យលើញត្តិដែលដាក់ដោយលោក Ruangkrai Leekitwattana សមាជិកសភាគណបក្ស Palang Pracharath (PPRP) ដែលបានរាយការណ៍ពីលោក ភីថា ទៅកាន់ទីភ្នាក់ងារស្ទង់មតិ ចំពោះការខកខានក្នុងការប្រកាសកម្មសិទ្ធិភាគហ៊ុនចំនួន ៤២ ០០០ របស់គាត់នៅក្នុងក្រុមហ៊ុន iTV ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលបានចុះបញ្ជីនៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) មុនពេលគាត់ចូលកាន់តំណែងជាសមាជិកសភានៅឆ្នាំ ២០១៩។
ញត្តិមួយនោះក៏បានចោទជាសំណួរថា តើការចុះឈ្មោះបេក្ខជនតំណាងរាស្រ្តរបស់ MFP នៅគ្រប់មណ្ឌលបោះឆ្នោតទាំង ៤០០ ក៏អាចប្រកាសថាគ្មានសុពលភាព ប្រសិនបើលោក ភីថា ដែលបានយល់ព្រមលើការចុះឈ្មោះរបស់ពួកគេត្រូវបានដកហូតសិទ្ធិ ដោយសារបញ្ហាភាគហ៊ុន iTV។
យ៉ាងណា លោក ភីថា បានប្រកាសថា លោកមិនបានគ្រប់គ្រងលើចំណែកភាគហ៊ុនណាឡើយ ដោយភាគហ៊ុនទាំងនោះគឺជាការផ្ទេរទ្រព្យសម្បត្តិពីឪពុករបស់លោកប៉ុណ្ណោះ ហើយវាស្ថិតនៅក្រោមឈ្មោះរបស់លោក ដោយសារការតែងតាំងជាប្រធានក្រុមហ៊ុនបន្តពីឪពុកប៉ុណ្ណោះ។ លោក ភីថា ក៏បានពន្យល់ពីបញ្ហាមួយនេះ ដល់ស្ថាប័នបោះឆ្នោតមុនពេលលោកស្បថចូលកាន់តំណែងផងដែរ។
គួរជម្រាបដែរថា ច្បាប់ធម្មនុញ្ញរបស់ថៃ មិនអនុញ្ញាតិឲ្យម្ចាស់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយណា ក្លាយជានាយករដ្ឋមន្ត្រីឡើយ ប៉ុន្តែ EC បានបង្ហើបដែរថា មាត្រា ៦១ នៃច្បាប់ចែងថា EC អាចដកចេញបានតែបុគ្គលជាបេក្ខជនតំណាងរាស្រ្តប៉ុណ្ណោះ មុនពេលការបោះឆ្នោតបញ្ចប់។
ដូច្នេះមានន័យថា ពេលនេះការបោះឆ្នោតបានបញ្ចប់ហើយ EC មិនមានមូលដ្ឋានផ្លូវច្បាប់ក្នុងការដកបេក្ខភាព ឬតំណាងរាស្រ្តជាប់ឆ្នោតនោះទេ។
ម្យ៉ាងទៀត មាត្រា ៨២ នៃរដ្ឋធម្មនុញ្ញចែងថា EC អាចដកអ្នកណាម្នាក់ចេញពីឋានៈជាសមាជិកសភាបាន លុះត្រាតែសំណុំរឿងរបស់ពួកគេត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញសម្រាប់សេចក្តីសម្រេច។
ប៉ុន្តែ ដោយសារលោក ភីថា មិនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាសមាជិកសភា បន្ទាប់ពីការបោះឆ្នោតចុងក្រោយនេះ ដូច្នេះគណៈកម្មការត្រូវតែរង់ចាំរហូតដល់មានការបញ្ជាក់ពីលោក ភីថា មុនពេលអាចអនុវត្តផ្នែកនេះបាន៕