ថ្មីៗនេះ មេដឹកនាំដ៏មានឥទ្ធិពលបំផុតទីពីររបស់មីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសដល់មេបញ្ជាការក្រោមឱវាទរបស់ខ្លួនទាំងអស់ ឱ្យបង្កើនការឃ្លាំមើលជាពិសេសបន្ថែមទៀត នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពី គណបក្សឆ្ពោះទៅមុខ (Move Forward) របស់ថៃ បានឈ្នះអាសន:សភាច្រើនជាងគេ នៅក្នុងការបោះឆ្នោតទូទៅ កាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Irrawaddy បានបង្ហាញឱ្យដឹងថា ឧត្តមសេនីយទោ Soe Win បាននិយាយថា ៖ ” គណបក្សឆ្ពោះទៅមុខ គឺជាអ្នកគាំទ្ររបស់ប្រទេសលោកខាងលិច ហើយពួកគេនឹងជួយដល់ពួកក្រុមភេរវករ ដូច្នេះយើងត្រូវតែបង្កើនការឃ្លាំមើលបន្ថែមទៀត នៅតាមព្រំដែន និងទទួលយកព័ត៌មានពីពួកគេ ក៏ដូចជាចលនា និងសកម្មភាពពួកគេផងដែរ ” ។
យ៉ាងណាមិញ ចំពោះក្រុមហ៊ុនភេរវករ ដែលលោក Soe Win ចង់សំដៅលើនោះ គឺជាក្រុមដែលប្រឆាំងទៅនឹងរបបយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា ដោយពួកគេតែងធ្វើសកម្មភាពបះបោរនៅតាមព្រំដែន ។
យ៉ាងណាមិញ ជុំវិញការលើកឡើងបែបនេះ គឺត្រូវបានកើតឡើង បន្ទាប់ពីមេដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ដែលត្រូវបានគេសន្មត់ថានឹងអាចក្លាយជានាយរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនោះ គឺតែងតែបានធ្វើការរិះគន់ជាញឹកញាប់ ទៅលើគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលថៃកន្លងមក ចំពោះការដែលមិនព្រមដោះស្រាយទៅលើបញ្ហារបស់ប្រទេសជិតខាង ។
មិនតែប៉ុណ្ណោះ លោក Soe Win ក៏ទំនងជាអាចព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីលោក Pita បានបង្ហាញពីគោលនយោបាយរបស់ខ្លួន ទៅលើប្រទេសមីយ៉ាន់ម៉ា នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការបោះឆ្នោត ដោយនិយាយថា ៖ ” យើងចង់ជំរុញទៅមុខ ដើម្បីធ្វើឱ្យប្រាកដថា ការយល់ស្របប្រាំចំណុច ដែលជាការឯកភាពគ្នា និងត្រូវបានអនុម័តដោយអាស៊ាន ដើម្បីជាផែនការសន្តិភាព សម្រាប់មីយ៉ាន់ម៉ា នឹងអាចសម្រេចបាន “៕