ប្រទេសស្រីលង្កា រំពឹងទទួលបានការវិនិយោគពីបរទេសផ្ទាល់ (FDI) ប្រមាណ ១,៣ពាន់លានដុល្លារនៅក្នុងឆ្នាំ ដោយប្រទេសឥណ្ឌាអាចក្លាយជាអ្នកវិនិយោគច្រើនជាងគេ នៅប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតមួយនេះ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គិតត្រឹមត្រីមាសទីមួយនេះ ស្រីលង្កាទទួលបាន គម្រោងដែលមានតម្លៃប្រមាណ ៦០០ លានដុល្លារសរុប ដែលក្នុងនោះមានគម្រោងការថ្មី ២២ និងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ ៦ គម្រោង។
គួររំលឹកដែរថា បើទោះបីជាកាលពីឆ្នាំមុន សេដ្ឋកិច្ចស្រីលង្កាមានភាពរអាក់រអួល ដោយការដាច់ចរន្តអគ្គិសនី កង្វះខាតប្រេងឥន្ធនៈ និងអាហាររ៉ាំរ៉ៃ និងអតិផរណាកើនឡើងក៏ដោយ ក៏ប្រទេសស្រីលង្កាអាចបង្កើន FDI របស់ខ្លួនបាន ៣៨% ដល់ ១,០៨ ពាន់លានដុល្លារផងដែរ។

មួយភាគធំនៃទំហំទឹកប្រាក់ទាំងនោះ គឺបានមកពីប្រទេសឥណ្ឌា ដោយក្រុមហ៊ុនរបស់មហាសេដ្ឋី Gautam Adani បានចាយលុយប្រមាណ ៤៤២លានដុល្លារ លើគម្រោងរោងចក្រថាមពលខ្យល់ ២។
សូមជម្រាបបន្ថែមថា ប្រទេសស្រីលង្កាកំពុងធ្វើអូសទាញវិនិយោគិន លើបច្ចេកវិទ្យាព័ត៌មាន ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ការរុករករ៉ែ និងការកែច្នៃរ៉ែ ខណៈពួកគេមានគម្រោងរៀបចំផែនការ ដើម្បីកំណត់អត្តសញ្ញាណកោះថ្មី សម្រាប់អ្នកវិនិយោគ ដើម្បីជួយស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍តម្លៃ ៤ពាន់លានដុល្លារទៀតផង៕