នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានជួបជជែកជាមួយប្រធានាធិបតីស្រីលង្កានាពេលឆាប់ៗ ជាមួយក្ដីបំណងពន្លឿនការដោះស្រាយបំណុល និងជួសជុលសេដ្ឋកិច្ចនៃប្រទេស ដែលរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនេះ។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា កិច្ចប្រជុំរវាងលោក Kishida និងប្រធានាធិបតី Ranil Wickremesinghe ធ្វើឡើង ក្រោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF យល់ព្រមផ្ដល់ប្រាក់កម្ចី ក្រោយមើលឃើញពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅស្រីលង្កា មានការរីកចម្រើនគួរសម។

គួររំលឹកដែរថា ស្រីលង្កាកំពុងជាប់បំណុលបរទេសប្រមាណ ៧,១ពាន់លានដុល្លារ ដែល ៣ពាន់លានដុល្លារ ជំពាក់ចិន ១,៦ពាន់លានដុល្លារ ជំពាក់ឥណ្ឌា និង ២,៤ពាន់លានដុល្លារទៀត ជំពាក់ក្រុម Paris Club ដែលជាក្រុមប្រទេសម្ចាស់បំណុល។
ប្រទេសកោះនេះទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពី IMF កាលពីខែមីនា ប៉ុន្តែឥឡូវនេះត្រូវតែមានក្របខណ្ឌរៀបចំរចនាសម្ព័ន្ធបំណុលនៅខែកញ្ញា ដើម្បីដំណើរការកម្មវិធីទៅមុខ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមជាមួយការបំផ្លាញសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងតែចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗជាមិនខាន៕