ប្រទេសផលិតប្រេងដូងធំបំផុតលើលោក ២ គឺឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គ្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅកាន់សហភាពអឺរ៉ុបនាសប្ដាហ៍ក្រោយ ដើម្បីបញ្ចេញមតិតវ៉ាជាមួយនឹងច្បាប់កាប់បំផ្លាញព្រៃឈើថ្មី ដែលពួកគេជឿថាអាចបង្កផលប៉ះពាល់ដល់អាជីវកម្មកសិកម្មខ្នាតតូច។
យោងតាមការចុះផ្សាយពី Kelo បង្ហាញថា សភាអ៊ឺរ៉ុបបានអនុម័តច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើកាលពីខែមុន ដើម្បីហាមឃាត់ការនាំចូលកាហ្វេ សាច់គោ សណ្តែកសៀង និងទំនិញផ្សេងទៀតចូលទៅក្នុងសហភាពអឺរ៉ុប លុះត្រាតែក្រុមហ៊ុននានាអាចផ្តល់ព័ត៌មាន “ដែលអាចផ្ទៀងផ្ទាត់បាន” ថាផលិតផលមិនត្រូវបានដាំដុះនៅលើដី ដែលត្រូវបានកាប់បំផ្លាញព្រៃឈើក្រោយឆ្នាំ ២០២០។
ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបានចោទប្រកាន់ EU ពីគោលនយោបាយរើសអើង ដែលផ្តោតលើប្រេងដូង ហើយម៉ាឡេស៊ីធ្លាប់បាននិយាយថា ខ្លួនអាចបញ្ឈប់ការនាំចេញវាទៅ EU ជុំវិញច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើ។
សូមជម្រាបដែរថា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក្ដោបក្ដាប់ចំណែកទីផ្សារនាំចេញប្រេងដូងសកល ៨៥% ខណៈសហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតទី ៣ របស់ពួកគេ។
ដោយឡែក ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ទីក្រុងប្រ៊ុចស៊ែល ដែលជាទីស្នាក់ការកណ្ដាលរបស់ EU នាថ្ងៃទី ៣០ និង ៣១ ខែឧសភាខាងមុខនេះ៕