នាយករដ្ឋមន្ត្រីរុស្ស៊ី ហោះទៅដល់ចិន ចុះ MoU ពង្រឹងទំនាក់ទំនងកាន់តែរឹងមាំ

អន្តរជាតិ

ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី ជាមួយចិន បានកើនឡើងដល់ចំណុចកំពូលថ្មីមួយផ្សេងទៀត បើទោះបីជាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងមានភាពល្អក់កករខ្លាំង ជាមួយបណ្តាប្រទេសលោកខាងលិច ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែនដ៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា នាយរដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin កាលពីថ្ងៃពុធកន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅក្នុងទីក្រុងប៉េកាំង ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម និងច្រើនទៀត ។

គួរឱ្យដឹងថា លោក Mishustin បានធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសចិនជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលទីក្រុងមូស្គូ បានបើកការឈ្លានពានរបស់ខ្លួន ដោយបញ្ជូនកងកម្លាំងរាប់ពាន់នាក់ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងខែកុម្ភ:ឆ្នាំ ២០២២ កន្លងទៅ ហើយសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសចិននេះ នាយករដ្ឋមន្ត្រីរុស្ស៊ី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរបស់ចិន លោក Li Qiang ហើយក៏គ្រោងនឹងបន្តជួបជាមួយប្រធានាធិបតី លោក Xi Jinping ផងដែរ ។

មិនតែប៉ុណ្ណោះ អំឡុងកិច្ចពិភាក្សានេះ លោក Mishustin បានធ្វើការពណ៌នាអំពីទំនាក់ទំនងទេ្វភាគីថា បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក បើទោះបីជាបណ្តាប្រទេសលោកខាងលិច មិនពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកគេក៏ដោយ ។

យ៉ាងណាមិញ ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តអូសន្លាយ រុស្ស៊ីមានអារម្មណ៍ថាការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ហាក់កាន់តែធ្វើឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ ងាកមកផ្តោតលើការពឹងផ្អែកបន្ថែមទៀត ទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ការគាំទ្រជាច្រើន​ ជាជាងដែលចិន ត្រូវការប្រេង និងឧស្ម័ន ពីប្រទេសរបស់ខ្លួន ។

ជម្រាបជូនផងដែរថា អនុស្សរណ:នៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខា អំឡុងជំនួបរវាងភាគីប្រទេសទាំងពីរនោះ មានដូចជា កិច្ចព្រមព្រៀងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើសេវាពាណិជ្ជកម្ម កិច្ចព្រមព្រៀងស្តីពីការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងកិច្ចព្រមព្រៀងមួយទៀត ស្តីពីកិច្ចសហប្រតិបត្តិការកីឡា ផងដែរ ៕