យោងតាមកាសែត Izvestia បានចុះផ្សាយថាម៉ាកយីហោធំបំផុតមួយរបស់ជប៉ុន Uniqlo បានសម្រេចចិត្តថានឹងចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីបានផ្អាកអាជីវកម្មរបស់ខ្លួននៅទីនោះ កាលពីឆ្នាំមុនមក ជាមួយនឹងការប្រកាសស្វែងរកម្ចាស់ថ្មី ផងដែរ។
ក្រុមហ៊ុន Fast Retailing ដែលជាម្ចាស់ប្រេន Uniqlo បានសម្រេចផ្អាកអាជីវកម្មលក់សម្លៀកបំពាក់របស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី នៅក្នុងខែមីនា ឆ្នាំ ២០២២ ពោលគឺពួកគេបានចូលរួមជាមួយក្រុមហ៊ុនបរទេសជាច្រើនទៀត ដើម្បីបញ្ឈប់ការឈរជើងរកស៊ីនៅទីនោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូ បានបើកការឈា្លនពាន ទៅលើប្រទេសអ៊ុយក្រែន ។
មិនតែប៉ុណ្ណោះ ប្រភពពី Izvestia បានរាយការណ៍ទៀតថា អនុរដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Viktor Yevtukhov បាននិយាយថា ក្រុមហ៊ុន Fast Retailing ឥឡូវនេះ បានសម្រេចចិត្តចាកចេញពីរុស្ស៊ីទាំងស្រុងហើយ ប៉ុន្តែនៅមិនទាន់បានដាក់ពាក្យស្នើសុំទៅកាន់រដ្ឋាភិបាលនៅឡើយទេ ដែលនោះមានន័យថាអាជីវកម្មរបស់ពួកគេ នៅមិនទាន់រកបានម្ចាស់ថ្មីនៅឡើយ ។
ជម្រាបជូនផងដែរថា លោក Tadasshi Yania ដែលជាស្ថាបនិកក្រុមហ៊ុន Fast Retailing បានប្រាប់ទៅកាន់អ្នកសារព័ត៌មានជប៉ុនថាម៉ាកយីហោ Uniqlo របស់ខ្លួន កំពុងដំណើរការហាងចំនួន ៥០ នៅក្នុងប្រទេសរុស្ស៊ី ៕