នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor Co លោក Jim Farley បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិន គឺជាដៃគូប្រកួតប្រជែងធំបំផុតរបស់ខ្លួននាពេលនេះ មិនមែនក្រុមហ៊ុនអាមេរិក GM ឬក៏ក្រុមហ៊ុនយក្សជប៉ុន Toyota ឡើយ។ នេះបើតាមការចុះផ្សាយពី Kelo។

CEO ម្នាក់នេះបាននិយាយនៅកិច្ចប្រជុំកំពូលហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព Morgan Stanley ថា៖ “ខ្ញុំមើលឃើញថា ចិនគឺជាដៃគូប្រកួតប្រជែងធំបំផុត មិនមែន GM ឬ Toyota ឡើយ។ ក្រុមហ៊ុនចិន នឹងក្លាយជាស្ដេចត្រាញ់ក្នុងវិស័យមួយនេះ”។

មិនតែប៉ុណ្ណោះ Farley បាននិយាយថា ប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក មានបច្ចេកវិទ្យាថ្មល្អបំផុត និងគ្រប់គ្រងលើទីផ្សារ«ផលិតរថយន្ត EV ។ គាត់បានលើកឡើងពី BYD, Geely, Great Wall, Changan SAIC ថាជា “អ្នកឈ្នះ” ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តចិន។
លោក Farley បានបន្ថែមទៀតថា ដើម្បីអាចយកឈ្នះចិនបាន Ford ចាំបាច់បង្កើតម៉ាកយីហោប្លែកៗ ដែលអាចលក់រថយន្តក្នុងតម្លៃទាបជាងមុន ដូច្នេះកាលពីខែកុម្ភៈ ពួកគេអះអាងថា នឹងចាយលុយ ៣,៥ពាន់លានដុល្លារ សាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី នៅទីក្រុង Michigan ដោយប្រើប្រាស់បច្ចេកវិទ្យាពីដៃគូចិន CATL ដើម្បីផលិតអាគុយដែលមានតម្លៃទាប៕