យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ការនាំចេញមាសរបស់រុស្ស៊ី ទៅកាន់ប្រទេសអារ៉ាប់រួម (UAE) បានកើនឡើងច្រើនជាងបីដង ចាប់តាំងពីបណ្តាប្រទេសលោកខាងលិច បានធ្វើការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះការឈ្លានពានទៅលើអ៊ុយក្រែនមក។
អារ៉ាប់រួម បានក្លាយជាមជ្ឈមណ្ឌពាណិជ្ជកម្មដ៏សំខាន់បំផុត សម្រាប់ទីផ្សារមាសរបស់រុស្ស៊ី ចាប់តាំងពីការដាក់ទណ្ឌកម្ម ដែលបានរារាំងដល់ការនាំចេញរបស់រុស្ស៊ី ទៅកាន់ទីផ្សារចម្បងរបស់ខ្លួនផ្សេងទៀត ។
យ៉ាងណាមិញ បើតាមកំណត់ត្រាដែលទទួលបានពីគយរបស់រុស្ស៊ី បានបង្ហាញពីព័ត៌មានលម្អិត អំពីការនាំចេញមាស រហូតដល់ទៅជិត ១ពាន់ជើងឯណោះ ក្នុងមួយឆ្នាំ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែនមក ។
មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានបង្ហាញថា អារ៉ាប់រួម បាននាំចូលមាសពីរុស្ស៊ី ក្នុងចំនួន ៧៥,៧ តោន ជាមួយតម្លៃសរុប ៤,៣ពាន់លានដុល្លារ ពោលគឺបានកើនឡើងពីចំនួន ១,៣ តោន ក្នុងអំឡុងឆ្នាំ ២០២១ ។
កំណត់ត្រាពីគយរុស្ស៊ី បានបង្ហាញទៀតថា ប្រទេសចិន និងទួរគី គឺជាគោលដៅធំបន្ទាប់ពី អារ៉ាប់រួម ដោយបាននាំចូលមាស ប្រហែល ២០ តោន ក្នុងចន្លោះថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ ៕