Hyundai ចាប់ដៃជាមួយ LG បោះទុនជាង ៤ពាន់លានដុល្លារ សង់រោងចក្រថ្មី នៅអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution (LGES) របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បាននិយាយថា ពួកគេនឹងចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី ជាមួយនឹងការបោះទុនប្រមាណ ៤,៣ពាន់លានដុល្លារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា​ ក្រុមហ៊ុន Hyudai និង LGES រំពឹងទុកថា ការសាងសង់រោងកចក្រថ្មីរបស់ខ្លួន នៅក្នុងរដ្ឋ Georgia នឹងចាប់ផ្តើម នៅឆមាសទីពីរ នៃឆ្នាំ ២០២៣ នេះ ជាមួយនឹងការចាប់ផ្តើមផលិតអាគុយលើកដំបូង នៅចុងឆ្នាំ ២០២៥ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះ បាននិយាយទៀតថា រោងចក្រថ្មីរបស់ខ្លួន នឹងមានសមត្ថភាពផលិតប្រចាំឆ្នាំ ៣០ ជីហ្គាវ៉ាត់ម៉ោង (GWh) ពោលគឺគ្រប់គ្រាន់សម្រាប់ផលិតអាគុយរហូតដល់ទៅ ៣០០ ០០០ ក្នុងមួយឆ្នាំៗ ។

គួរឱ្យដឹងថា LGES និង Hyundai Motor Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតដូចជា Hyundai Motor, Kia និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Hyundai Mobis នឹងកាន់កាប់ភាគហ៊ុន ម្នាក់ ៥០% សម្រាប់ការបណ្តាក់ទុនរួមគ្នាទៅលើរោងចក្រថ្មីនេះ ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន LGES លោក Youngsoo Kwon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ក្រុមហ៊ុនខ្លាំងពីរ នៅក្នុងឧស្សាហកម្មរថយន្ត និងអាគុយ បានចាប់ដៃរួមគ្នាហើយ ដូច្នេះអាចបញ្ជាក់បានថា យើងនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញដល់ការផ្លាស់ប្តូរវិស័យ EV នៅក្នុងទឹកដីសហរដ្ឋអាមេរិក ” ។

ជម្រាបជូនផងដែរថា កាលពីខែមេសា ក្រុមហ៊ុន Hyundai Motor បានបញ្ចាប់ការបណ្តាក់ទុនរួមគ្នា ទៅលើការផលិតអាគុយ ក្នុងតម្លៃ ៥ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុន SK On ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ SK Innovation ដើម្បីជំរុញដល់កិច្ចខិតខំបន្ថែមទៀត ទៅលើអាជីវកម្មអគ្គិសនី ដែលជាទីផ្សារធំបំផុតរបស់ខ្លួន ៕