កីឡាការិនី ប៊ូ សំណាង បានធ្វើឲ្យមហាជនមិនថានៅប្រទេសកម្ពុជា និងទូទាំងសកលលោក មានការត្រេកអរសាទរជាមួយកញ្ញាជាខ្លាំង បើទោះជាកញ្ញារត់បញ្ចប់ទីចុងក្រោយគេ សម្រាប់វិញ្ញាសាររត់ចំងាយ ៥ ០០០ ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ក្ដី។

ជាមួយគ្នានោះ សារព័ត៌មានដ៏ល្បីលំដាប់ពិភពលោកគឺ The New York Times ក៏បានចុះផ្សាយកោតសរសើរកញ្ញាផងដែរ ដោយបានចុះផ្សាយ និងដាក់ចំណងជើងថា “កីឡាការិនីម្នាក់នេះរត់បញ្ចប់ទីចុងក្រោយគេ ប៉ុន្តែការតស៊ូរបស់នាងយកឈ្នះទឹកចិត្តប្រជាជនទូទាំងប្រទេស”។

សារព័ត៌មានអាមេរិកាំងមួយនេះថែមទាំងបញ្ជាក់ទៀតថា យុវតីវ័យ ២០ឆ្នាំ មានសភាពហត់នឿយខ្លាំង ដោយសារសម្ពាធឈាមទាប គួបផ្សំនឹងអាកាសធាតុភ្លៀង ផ្គរ ខ្យល់កន្ទ្រាក់ផង ប៉ុន្តែកញ្ញានៅតែពុះពាររត់បញ្ចប់ទីឲ្យខាងតែបាន បើទោះជាទីលានប្រណាំងនៅសល់តែកញ្ញាម្នាក់ក៏ដោយ។

“ខ្ញុំដឹងថា ខ្ញុំមិនអាចឈ្នះទេ ប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំមិនត្រូវបញ្ឈប់វាត្រឹមនេះទេ”។ នេះបើតាមសម្ដីរបស់កញ្ញា ប៊ូ សំណាង បានផ្ដល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន។
គួររំលឹកដែរថា បន្ទាប់ពីបំពេញតួនាទីជាកីឡាការិនីតំណាងកម្ពុជា កញ្ញា ប៊ូ សំណាងក៏ទទួលបានការកោតសរសើរពីព្រះមហាក្សត្រ នរោត្តម សីហមុនីជាសាធារណៈ និងទទួលបានការឧបត្ថម្ភពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ១០ ០០០ ដុល្លារផងដែរ៕