មួយរយៈកាលចុងក្រោយនេះ រដ្ឋាភិបាលអ៊ីតាលីកំពុងព្យាយាមលុបចោលនូវកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” ជាមួយមហាអំណាចចិន ខណៈនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានបង្ហើបឲ្យដឹងថា ទំនាក់ទំនងល្អរវាងអ៊ីតាលី និងចិន អាចរក្សាបាននូវភាពវិជ្ជមាន បើទោះជាកិច្ចព្រមព្រៀង BRI អាចនឹងបោះបង់ក្ដី។

យោងតាមការចុះផ្សាយពី Kelo បានឲ្យដឹងថា អ៊ីតាលីគឺជាប្រទេសធំតែមួយគត់នៅលោកខាងលិច ដែលបានចូលរួមកិច្ចព្រមព្រៀង BRI របស់ចិន ដែលកម្មវត្ថុបំណងធំបំផុតនោះគឺ កសាងផ្លូវ Silk Road ឡើងវិញ ដែលអាចតភ្ជាប់ចិន ជាមួយតំបន់អាស៊ី និងអឺរ៉ុប ជាមួយនឹងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំសំបើម។
យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីតាលីបាននិយាយថា វាហាក់ដូចជាលឿនពេកក្នុងការចាំលទ្ធផលសម្រេចចិត្តរបស់អ៊ីតាលីថា តើគួរនៅបន្ត ឬក៏ចាកចេញពីកិច្ចព្រមព្រៀង BRI ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៩ និងរងការរិះគន់យ៉ាងចាស់ដៃពីអាមេរិក និង EU។
សូមជម្រាបដែរថា បើទោះជាអ៊ីតាលីជាសមាជិក G7 មួយគត់ ដែលចុះហត្ថលេខាចូលកិច្ចព្រមព្រៀង BRI ក៏ពិតមែន ប៉ុន្តែពួកគេមិនមែនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន សម្រាប់នៅតំបន់អឺរ៉ុប និងនៅលោកខាងលិចនោះទេ៕