ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានចាប់ផ្ដើមបើកកិច្ចប្រជុំលើកដំបូង ជាមួយមេដឹកនាំនៅតំបន់កោះប៉ាស៊ីហ្វិកនាថ្ងៃទី ២៩ ឧសភា ស្របពេលរដ្ឋាភិបាលក្រុងសេអ៊ូលកំពុងស្វែងរកការបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងតំបន់ដែលបានក្លាយជាចំណុចសំខាន់នៃការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយដ៏តានតឹង។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រធានាធិបតីកូរ៉េខាងត្បូងបានជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំមួយចំនួន អំឡុងពេលធ្វើទស្សនកិច្ចនៅប៉ាស៊ីហ្វិកកាលពីចុងសប្តាហ៍ រួមទាំងប្រធានាធិបតីគីរីបាទី Taneti Maamau និងនាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក James Marape ។
“លោកប្រធានាធិបតីបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍តំបន់សមុទ្រ និងនេសាទ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយកោះនីមួយៗនៃប៉ាស៊ីហ្វិក”។ នេះបើតាមសេចក្ដីប្រកាសពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
សូមជម្រាបដែរថាយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង ក៏មើលឃើញវិសាលភាពកាន់តែច្រើន សម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ រ៉ែសំខាន់ៗ និងការប្រែប្រួលអាកាសធាតុជាដើម៕