ក្រុមវិនិយោគិនបរទេសដែលបានចាកចេញពីប្រទេសរុស្ស៊ី ក្រោយសម្រេចលក់អាជីវកម្មពួកគេនៅទីនោះ ចន្លោះខែមីនា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣ បានដកលុយប្រហែល ៣៦ពាន់លានដុល្លារពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RIA។
ក្រុមហ៊ុនបរទេសធំៗជាច្រើនបានសម្រេចផ្អាកប្រតិបត្តិការ ឬខ្លះទៀតបញ្ចប់ការរកស៊ីនៅទីនោះតែម្ដង បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។
យ៉ាងណា កាលពីសប្តាហ៍មុន ធនាគារកណ្តាលបានកាត់បន្ថយផលប៉ះពាល់ នៃការចាកចេញរបស់ក្រុមហ៊ុនបរទេសទាំងនោះ ដោយនិយាយថា កិច្ចព្រមព្រៀងលក់ប្រហែល ២០០ ត្រូវបានបញ្ចប់ក្នុងកំឡុងខែមីនា ឆ្នាំ ២០២២-២០២៣ ដោយគ្រាន់តែ ២០% ពាក់ព័ន្ធនឹងការលក់ទ្រព្យសកម្មធំៗ មានលើសពី ១០០លានដុល្លារ។
សូមជម្រាបដែរថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែន ក្រុមហ៊ុនលោកខាងលិចជាច្រើន បានចាប់ផ្ដើមផ្អាក និងបញ្ចប់អាជីវកម្មរបស់ពួកគេនៅទីនោះ ដើម្បីបង្ហាញពីការចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី៕