ក្រុមហ៊ុនថាមពលរបស់រដ្ឋឥណ្ឌូនេស៊ី Perusahaan Listrik Negara (PLN) ថ្មីៗនេះ កំពុងស្វែងរកការវិនិយោគ ក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ ដើម្បីដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ២០០ មេហ្គាវ៉ាត់ (MW) ក្នុងគោលបំណងជំនួសម៉ាស៊ីនដើរដោយថាមពលម៉ាស៊ូត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ។
នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ដែលបានបង្ហាញឱ្យដឹងទៀថា ផែនការនេះ គឺជាផ្នែកមួយនៃគោលដៅរបស់ឥណ្ឌូនេស៊ី ក្នុងការឆ្ពោះទៅរកការកាត់បន្ថយ ការបំភាយឧស្ម័នពុល មកនៅត្រឹមសូន្យ នៅឆ្នាំ ២០៦០ ស្របពេល PLN បានចេញគម្រោងមួយរួចរាល់ហើយ ក្នុងការដំឡើងបន្ទះស្រូបថាមពលព្រះអាទិត្យ ដែលមានកម្លាំង ដល់ទៅ ៤,៦៨ ជីហ្គាវ៉ាត់ (GW) នៅចន្លោះឆ្នាំ ២០២១ ដល់ ២០៣០ ។
យ៉ាងណាមិញ នាយកក្រុមហ៊ុន PLN លោក Evy Haryadi បាននិយាយថា គម្រោងនៃការដំឡើងបន្ទះស្រូបថាមពលព្រះអាទិត្យ កម្លាំង ២០០ MW នេះ គឺជាដំណាក់ដំបូងនៃផែនការរយ:ពេលវែង ដើម្បីយកមកជំនួសរោងចក្រថាមពលដើរដោយម៉ាស៊ូត ដែលមានកម្លាំង ១ GW បច្ចុប្បន្នរបស់ខ្លួន។
ជម្រាបជូនផងដែរថា សម្ព័ន្ធនៃបណ្តាប្រទេសដៃគូនានា បានសន្យាផ្តល់ជូនហិរញ្ញប្បទានសាធារណ: និងឯកជន ក្នុងចំនួន ២០ពាន់លានដុល្លារ ដើម្បីជួយឥណ្ឌូនេស៊ី ផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត ក្រោមភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP) ៕