វៀតណាម ត្រៀមកាត់បន្ថយការនាំចេញអង្កររបស់ខ្លួន ដល់ ៤៤% នៅត្រឹមឆ្នាំ ២០៣០

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងឯកសារមួយ ដែលរៀបរាប់លម្អិតអំពីយុទ្ធសាស្រ្ត ក្នុងការនាំចេញអង្កររបស់ខ្លួន ដោយបានបង្ហាញថានឹងមានការកាត់បន្ថយការនាំចេញ ឱ្យនៅត្រឹមតែ ៤លានតោនប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា ជុំវិញវិធានការថ្មីចុងក្រោយនេះ គឺមានគោលបំណងធំ ដើម្បីជំរុញដល់ការនាំចេញអង្ករ ដែលមានគុណភាពខ្ពស់ រួមទាំងធានាសន្តិសុខស្បៀងអាហារក្នុងស្រុក ការពារបរិស្ថាន និងការសម្របខ្លួន ទៅនឹងការបម្រែបម្រួលអាកាសធាតុ ផងដែរ ។

មិនតែប៉ុណ្ណោះ បើតាមប្រភពខាងលើ បានបង្ហាញឱ្យដឹងទៀតថា ជុំវិញផែនការកាត់បន្ថយនេះ អាចនឹងធ្វើឱ្យប្រាក់ចំណូលបានពីការនាំចេញអង្ករ របស់វៀតណាម ធ្លាក់ចុះមកនៅត្រឹម ២,៦២ពាន់លានដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ នៅឆ្នាំ ២០៣០ ពោលគឺធ្លាក់ចុះពីចំនួន ៣,៤៥ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រា នៅក្នុងឆ្នាំ ២០២២ ។

ទន្ទឹមនឹងនេះ ឯកសាររបស់រដ្ឋាភិបាល បាននិយាយទៀតថា ប្រទេសវៀតណាម នឹងធ្វើចម្រុះកម្មទៅលើទីផ្សារនាំចេញអង្កររបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកតែទៅលើប្រទេសណាមួយ ខណ:ហ្វីលីពីន ត្រូវបានចាត់ទុកថាជាអ្នកទិញចូលអង្ករធំបំផុត ពីវៀតណាម ជាយូរណាស់មកហើយ ដែលស្មើទៅនឹង ៤៥% នៃការនាំចេញសរុប កាលពីឆ្នាំមុន ។

ឯកសារនេះ ក៏បានបង្ហាញទៀតផងដែរថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខ ការនាំចេញអង្កររបស់វៀតណាមចំនួន ៦០% នឹងត្រូវបញ្ជូនទៅកាន់ទីផ្សារអាស៊ី , ២២% ទៅអាហ្វ្រិក , ៧% ទៅទីផ្សារអាមេរិក , ៤% ទៅទីផ្សារមជ្ឈិមបូព៌ា និង ៣% ទៅទីផ្សារអឺរ៉ុប ៕