ថៃ រំពឹងខ្ពស់ថានឹងអាចកើបចំណូលជិត ១៣ពាន់លានដុល្លារ ពីភ្ញៀវទេសចរចិន

អន្តរជាតិ

យោងតាមមន្ត្រីរបស់រដ្ឋាភិបាលថៃ បាននិយាយ នៅក្នុងពេលថ្មីៗនេះថា ប្រទេសរបស់ខ្លួន បានទទួលស្វាគមន៍ភ្ញៀវទេសចរចិន ចំនួន ១ លាននាក់រួចមកហើយ នៅចន្លោះខែមករា ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីច្រកព្រំដែនរបស់ប្រទេសចិន​ បានបើកដំណើរការជាធម្មតាឡើងវិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរំពឹងថាការមកដល់របស់ភ្ញៀវទេសចរចិន នឹងអាចឈានដល់គោលដៅ ដែលបានគ្រោងទុក ចំនួន ៥ លាននាក់ នៅឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលដែលរំពឹងទទួលបាន ៤៤៦ពាន់លានបាត (១២,៨ពាន់លានដុល្លារ) ។

គួរឱ្យដឹងថា កាលពីឆ្នាំមុន ភ្ញៀវទេសចរចិន ប្រហែល ២៧៤ ០០០ នាក់ បានមកលេងកម្សាន្តនៅថៃ ធៀបនឹងចំនួន ១១ លាននាក់ ក្នុងឆ្នាំ ២០១៩ អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ មិនទាន់ផ្ទុះឡើង ។

ជម្រាបជូនទៀតផងដែរថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុប នៅក្នុងប្រទេសថៃ មានចំនួន ៩,៤៧ លាននាក់ គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែឧសភា បើធៀបនឹងចំនួនភ្ញៀវទេសចរសរុបចំនួន ១១,១៥ លាននាក់ ក្នុងឆ្នាំ ២០២២ ទាំងមូល៕