មហាសេដ្ឋី Elon Musk គ្រោងនឹងបំពេញទស្សនកិច្ចទៅចិននាសប្ដាហ៍នេះ

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន​ នាសប្ដាហ៍នេះ ខណៈវានឹងក្លាយជាដំណើរទស្សនកិច្ចទៅចិនជាលើកដំបូង​ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ នេះបើតាម​ការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបន្ថែមថា មហាសេដ្ឋីអាមេរិក​នឹងចូលជួបសំណេះសំណាល​ជាមួយ​រដ្ឋមន្ត្រីចិន​ជាន់ខ្ពស់ជាច្រើនរូប ក៏ដូចជា​នឹងទៅ​មើល​រោងចក្រ Tesla នៅទីក្រុងសៀងហៃផងដែរ ប៉ុន្តែ​មិនទាន់​មានព័ត៌មាន​លំអិត​បញ្ជាក់ថា លោកនឹងជួបអ្នកណា ខណៈ​ប្រធានបទ​នៃ​ការជជែកនោះ ក៏មិនទាន់បង្ហើបដូចគ្នា។

យ៉ាងណា កាលពីខែមីនាកន្លងទៅសារព័ត៌មាន Reuters បានអះអាងថា Elon Musk គ្រោង​បំពេញ​ទស្សនកិច្ចទៅចិន ដើម្បីជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រីចិន Li Qiang ខណៈពេលវេលា​គឺ​ស៊ីសង​ទៅលើ​កាលវិភាគ​របស់​នាយករដ្ឋមន្ត្រីចិន។

សូមជម្រាបដែរថា ប្រទេសចិន​គឺជា​ទីផ្សារធំបំផុតទី ២ របស់​ក្រុមហ៊ុន Tesla បន្ទាប់ពីអាមេរិក ហើយ​រោងចក្រ​នៅសៀងហៃទៀតសោត គឺជា​មជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី​ធម​បំផុត​របស់​ក្រុមហ៊ុន​មួយនេះ៕