កាលពីថ្ងៃទី ២៩ ឧសភាកន្លងទៅ រុស្ស៊ីបានអះអាងថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ អាចនឹងលែងដំណើរការបានទៀត លុះត្រាតែអង្គការសហប្រជាជាតិយល់ព្រមជាមួយរដ្ឋាភិបាលក្រុងមូស្គូ ឈូសឆាយនូវឧបសគ្គរារាំងដល់ការនាំចេញទំនិញរបស់រុស្ស៊ី។
“បើសិនជាអ្វីៗនៅតែបែបនេះ នោះថ្ងៃមុខពួកយើងនឹងចាត់វិធានការ ដោយចាត់ទុកវា (កិច្ចព្រមព្រៀង) លែងដំណើរការតទៀត”។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយ។
គួររំលឹកដែរថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីខែកក្កដាឆ្នាំមុន តម្រូវឱ្យអង្គការសហប្រជាជាតិជួយរុស្ស៊ី យកឈ្នះលើឧបសគ្គនានា ចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនសម្រាប់រយៈពេលបីឆ្នាំ ប៉ុន្តែមកទល់ពេលនេះរុស្ស៊ីនៅមិនទាន់ទទួលបានការឆ្លើយតបអ្វីនៅឡើយ។
ក្នុងខែនេះ ទីក្រុងមូស្គូបានយល់ព្រមដោយស្ទាក់ស្ទើរ ក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅសម្រាប់រយៈពេលពីរខែបន្ថែមទៀត រហូតដល់ថ្ងៃទី ១៧ ខែកក្កដា ប៉ុន្តែបាននិយាយថា វឌ្ឍនភាពបន្ថែមទៀត ត្រូវតែធ្វើឡើងដើម្បីជំរុញផលប្រយោជន៍របស់ខ្លួន៕