យន្តហោះដឹកអ្នកដំណើរផលិតនៅក្នុងប្រទេសចិនដំបូងបង្អស់ ត្រូវបានដាក់ឱ្យហោះហើរជាលើកដំបូង កាលពីថ្ងៃអាទិត្យកន្លងទៅ ខណ:ប្រទេសនៅតំបន់អាស៊ីមួយនេះ កំពុងសម្លឹងរកមើលឱកាស នៅក្នុងការចូលរួមប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សផ្សេងទៀត ដូចជា Boeing និង Airbus ជាដើម ។
យោងតាមការចុះផ្សាយពីកាសែតរដ្ឋចិន China Daily បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរដំបូងរបស់ចិន ឈ្មោះថា C919 គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍ពាណិជ្ជកម្មនៃប្រទេសចិន ហើយបានដឹកអ្នកដំណើរជាលើកដំបូង ចំនួនប្រហែល ១៣០ នាក់ ដោយយន្តហោះនេះ បានហោះចាកចេញពីអាកាសយានដ្ឋាន Shanghai Hongqiao ឆ្ពោះទៅចុះចតនៅទីក្រុងប៉េកាំង ដោយជោគជ័យ ។
យ៉ាងណាមិញ បើតាមការបញ្ជាក់ដោយក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍ពាណិជ្ជកម្មចិន បានបង្ហាញឱ្យដឹងថា បើទោះបីជាខ្លួនបានរចនាភាគច្រើននៃផ្នែកយន្តហោះ C919 នេះក៏ដោយ ប៉ុន្តែសមាសធាតុសំខាន់ៗមួយចំនួនទៀត នៅតែនាំយកចូលមកពីប្រទេសលោកខាងលិច រួមទាំងម៉ាស៊ីនរបស់វា ផងដែរ ។
គួរឱ្យដឹងថា ក្រុមហ៊ុនខាងលើ គ្រោងនឹងបន្តផលិតយន្តហោះ C919 នេះ ចំនួន ១៥០ គ្រឿង ក្នុងមួយឆ្នាំ សម្រាប់រយ:ពេល ៥ ឆ្នាំខាងមុខ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្វើការការបញ្ជាទិញជាង ១ ២០០ គ្រឿងរួចទៅហើយ ដោយស្ថិតនៅក្រោមកិច្ចសន្យាទិញរយ:ពេល ៥ ឆ្នាំ ។
ជម្រាបជូនផងដែរថា មុនពេលដាក់ឱ្យហោះហើរជាផ្លូវការ យន្តហោះ C919 នេះ បានស្ថិតនៅក្នុងការអភិវឌ្ឍរហូតដល់ទៅ ១៦ ឆ្នាំឯណោះ ហើយចំពោះសមត្ថភាពរបស់វាវិញ គឺមានរយ:ចម្ងាយអតិបរមាប្រហែល ៣ ៤០០ ម៉ាយ (៥ ៦៣០ គីឡូម៉ែត្រ) និងអាចផ្ទុកអ្នកដំណើរចន្លោះពី ១៥៨ នាក់ ទៅ ១៦៨ នាក់ ៕