រដ្ឋាភិបាលកោះបាលី កាលពីពេលថ្មីៗនេះ បានធ្វើការព្រមានចំៗទៅកាន់ភ្ញៀវទេសចរបរទេសថា ពួកគេអាចនឹងត្រូវដាក់ទោស ចំពោះការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ជាការទូទាត់សម្រាប់ទិញទំនិញ និងសេវាកម្ម នៅលើកោះដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌនេស៊ី មួយនេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ដោយថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីការអភិវឌ្ឍទេសចរណ៍កោះបាលី អភិបាលកោះ លោក Wayan Koster បាននិយាយថា ភ្ញៀវទេសចរបរទេស ដែលនៅតែបំពាន និងមិនគោរពតាមការណែនាំ ចំពោះការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ជាមធ្យោបាយទូទាត់ រួមទាំងការបំពានលើច្បាប់ផ្សេងទៀត នឹងត្រូវដាក់ទោសយ៉ាងតឹងរ៉ឹងបំផុត។
មិនតែប៉ុណ្ណោះ លោក Wayan បានធ្វើការក្រើនរំលឹកទៅកាន់ភ្ញៀវទេសចរបរទេសទៀតថា ច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី គឺមានការហាមប្រាមលើការប្រើប្រាស់រូបិយប័ណ្ណផ្សេង ហើយប្រើបានតែប្រាក់រូពីប៉ុណ្ណោះ ដើម្បីជាមធ្យោបាយទូទាត់ បើមាននរណាល្មើសច្បាប់នេះ នឹងត្រូវធ្វើការផ្តន្ទាទោស រួមទាំងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០លានរូពី (១៣ ៣៦០ដុល្លារ) ផងដែរ។
ជម្រាបជូនផងដែរថា ការព្រមាននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេត ដោយសារព័ត៌មានឥណ្ឌូនេស៊ី Kompas ដែលបានបង្ហាញថាអាជីវកម្មមួយចំនួននៅកោះបាលី រួមទាំងភោជនីយដ្ឋាន កន្លែងធ្វើសមាធិ និងក្រុមហ៊ុនជួលម៉ូតូ កំពុងទទួលយកការទូទាត់ជាគ្រីបតូ៕