កាលពីថ្ងៃទី ៣០ ឧសភាកន្លងទៅ មហាសេដ្ឋី Elon Musk បានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពី CNA។

សម្រាប់ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះផងដែរ មេធំក្រុមហ៊ុន Tesla បានជួបជជែកជាមួយរដ្ឋមន្ត្រីការបរទេស Qin Gang ខណៈអ្នកទាំង ២ បានពិភាក្សាពីលទ្ធភាពនៃការពង្រីកទំហំវិនិយោគ ដោយភាគីចិនអះអាងថា នឹងប្តេជ្ញាបង្កើតបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ នីតិរដ្ឋ និងអន្តរជាតិកាន់តែប្រសើរ ស្របពេល Elon Musk សន្យានឹងបន្តឈរជើងលើទីផ្សារចិនដដែល បើទោះជាមានការព្យាយាម “បំបែក” កិច្ចសហប្រតិបត្តិការមួយនេះក្ដី។
ក្រៅពីជួបជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ចិន មហាសេដ្ឋីអាមេរិកក៏បានទទួលទានអាហារពេលល្ងាចជាមួយប្រធានក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនចិនជំនាញខាងផលិតអាគុយរថយន្ត ក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ Tesla ផងដែរ។

ដោយឡែក សម្រាប់ព្រឹកថ្ងៃទី ៣១ ឧសភាវិញ គេប្រទះឃើញ Elon Musk អបដំណើរដោយប្រធានកិច្ចការសាធារណៈរបស់ក្រុមហ៊ុន Tesla នៅចិន លោក Grace Tao និងប្រធានផ្នែកផលិតកម្មសកលលោក Tom Zhu បានចតរថយន្តនៅមុខក្រសួងពាណិជ្ជកម្មចិនទៀតផង។
សូមជម្រាបដែរថា Elon Musk ត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនផ្សេងទៀត និងទៅទស្សនារោងចក្រ Teslaនៅសៀងហៃនាចុងសប្តាហ៍នេះ ទោះបីជាវាមិនច្បាស់ថា គាត់នឹងជួបអ្នកណា ឬបញ្ហាអ្វីដែលពួកគេនឹងពិភាក្សាក៏ដោយ៕