ប្រទេសរុស្ស៊ី បានផ្ដល់លិខិតឆ្លងដែនដល់ប្រជាជនជិត ១,៥លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់ដែលបានកាត់យកពីប្រទេសអ៊ុយក្រែនដូចជា តំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson។ នេះបើតាមការចុះផ្សាយពី CNA។

ទីក្រុងមូស្គូបានទាមទារយកតំបន់អ៊ុយក្រែនទាំងបួន ធ្វើជាកម្មសិទ្ធិរបស់ខ្លួន កាលពីខែកញ្ញាឆ្នាំមុន ពោលប្រាំពីរខែបន្ទាប់ពីពួគគេបានបើកការឈ្លានពានពេញទំហឹង ទៅលើប្រទេសជិតខាងមួយនេះ ប៉ុន្តែពួកគេមិនគ្រប់គ្រងតំបន់ណាមួយទាំងស្រុងទេ ហើយឧបសម្ព័ន្ធមួយនេះមិនត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិនៅឡើយ។

“តាំងពីខែតុលាឆ្នាំទៅ ប្រជាជនជិត ១,៥លាននាក់ដែលរស់នៅតំបន់ថ្មីនេះ ទទួលបានលិខិតឆ្លងដែនរុស្ស៊ី ហើយប្រជាជនប្រហែល ១,៦ លាននាក់នៅក្នុងតំបន់ កំពុងទទួលបានប្រាក់សោធននិវត្តន៍ ហើយប្រហែល ១,៥លាននាក់ កំពុងទទួលបានអត្ថប្រយោជន៍សង្គម”។ នេះបើតាមការឲ្យដឹងពីនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin។
គួររំលឹកដែរថា មុនពេលផ្ទុះសង្គ្រាម ចំនួនប្រជាជនសរុបនៃតំបន់ទាំង ៤ នោះមានប្រមាណ ៨,៩លាននាក់ ប៉ុន្តែប្រជាជនរាប់លាននាក់ ត្រូវបានផ្លាស់ទីលំនៅ និងខ្លះទៀតរត់ភៀសខ្លួនក្រៅប្រទេស ដោយសារវិបត្តិសង្គ្រាម។

ដោយឡែកកាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ផ្តល់ឱ្យអ្នកដែលរស់នៅក្នុងផ្នែកឧបសម្ព័ន្ធនៃអ៊ុយក្រែន ទទួលបាននូវសញ្ជាតិរុស្ស៊ី ប៉ុន្តែនៅក្រោមច្បាប់នោះ អ្នកដែលបដិសេធ ឬមិនផ្តល់ឋានៈស្របច្បាប់របស់ពួកគេ ត្រូវប្រឈមនឹងការនិរទេស៕