បន្ទាប់ពីធ្វើដំណើរមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី ៣០ ឧសភាកន្លងទៅ មហាសេដ្ឋីអាមេរិក Elon Musk មិនបង្អង់យូរឡើយ ដោយបានចូលជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីការបរទេស Qin Gang តែម្ដង។

បន្ទាប់ពីបញ្ចប់ភារកិច្ចនៅទីក្រុងប៉េកាំង មេធំ Tesla បានធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃនាយប់ថ្ងៃទី ៣១ ឧសភា ដើម្បីបំពេញទស្សនកិច្ចនៅរោងចក្រផលិតរថយន្តអគ្គិសនី Tesla ធំបំផុត។ នេះបើតាមការចុះផ្សាយពី Reuters។
ទិន្នន័យពីអ្នកផ្តល់សេវាតាមដានជើងហោះហើរ Variflight បានបង្ហាញថា យន្តហោះផ្ទាល់ខ្លួន Elon Musk នឹងធ្វើដំណើរចាកចេញពីទីក្រុងសៀងហៃ ឆ្ពោះទៅកាន់ទីក្រុង Austin រដ្ឋតិចសាស់វិញ នាព្រឹកថ្ងៃទី ០១ មិថុនានេះភ្លាម ជាការបញ្ចប់ដំណើរទស្សនកិច្ចទៅចិនជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ។

សូមជម្រាបដែរថា ចាប់តាំងពី Elon Musk បានមកដល់ប្រទេសចិនកាលពីព្រឹកថ្ងៃអង្គារ មហាសេដ្ឋីអាមេរិក ទទួលការសរសើរ និងស្វាគមន៍យ៉ាងកក់ក្ដៅពីសាធារណជនចិន ខណៈ លោកក៏បានជួបប្រជុំជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលបីរូប និងក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី Contemporary Amperex Technology Co Ltd (CATL) ផងដែរ៕