កាលពីថ្ងៃទី ៣១ ឧសភាកន្លងទៅ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះថៃ Wissanu Krea-ngam បានបង្ហើបឲ្យដឹងថា លោក ភីថា លីមចារើនរ៉ាត់ អាចរបូតសិទ្ធជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយសារតែមានបណ្តឹងប្រឆាំងនឹងការកាន់កាប់ហ៊ុនរបស់គាត់ក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមការស្រង់សម្ដីរបស់លោក Wissanu ពីកាសែត Bangkok Post បានបញ្ជាក់ថា ព័ត៌មានលម្អិតនៃពាក្យបណ្តឹង ប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់លោក ភីថា នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នឹងក្លាយជាកត្តាសំខាន់ ដែលកំណត់សិទ្ធិរបស់គាត់ សម្រាប់តំណែងកំពូលរបស់ប្រទេស។

ក្នុងករណីពាក្យបណ្ដឹងនោះ ដាក់តែក្នុងគោលបំណងរារាំងលោកពីតំណែងនាយករដ្ឋមន្ត្រី នោះលោក ភីថា នៅតែមានសិទ្ធអាចក្លាយជាសមាជិកសភាដដែល ប៉ុន្តែបើពាក្យបណ្ដឹងនោះ មានបំណងបិទផ្លូវតែម្ដង វាស៊ីសងលើការសម្រេចពីតុលាការ។
គួររំលឹកដែរថា មុនពេលបោះឆ្នោត លោក រឿងក្រៃ លីគីតវឌ្ឍនា បានដាក់ពាក្យបណ្ដឹងទៅកាន់គណកម្មការរៀបចំការបោះឆ្នោត ហៅកាត់ EC ដោយអះអាងថា លោក ភីថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតឡើយ ដោយសារគាត់កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដូច្នេះគឺបានបំពានរដ្ឋធម្មនុញ្ញ។
ជម្រាបបន្ថែមថា មាត្រា ៩៨ នៃរដ្ឋធម្មនុញ្ញ បានហាមឃាត់បុគ្គលមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកសភា ប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃសារព័ត៌មាន ឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ។
ក្រឡេកទៅមើលស្ថានការណ៍គណបក្សឆ្ពោះទៅមុខវិញ បន្ទាប់ពីទទួលជ័យជំនះដែលនឹកស្មានមិនដល់ សម្រាប់ការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ឧសភា ពួកគេបានរួមដៃជាមួយគណបក្ស ៧ ផ្សេងទៀត ក្នុងគោលបំណងបូកបញ្ចូលអាសនៈរួម ដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះមួយ។
ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីថៃបាន លោក ភីថា ត្រូវការសម្លេងគាំទ្រយ៉ាងហោចណាស់ ៣៧៦ អាសនៈ ដែលជាសំឡេងបូកបញ្ចូលគ្នាពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា ខណៈបច្ចុប្បន្នគណបក្សចម្រុះមួយនេះ មាន ៣១២ អាសនៈ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០ រូប៕