ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានពន្យារពេលចរចាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ហៅកាត់ EU ដោយសារពួកគេត្រូវការការយកចិត្តទុកដាក់បន្ថែម ជុំវិញបញ្ហាប្រេងដូង។ នេះបើតាមការចុះផ្សាយពី Financial Times។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Fadillah Yusof បាននិយាយថា ច្បាប់ដែលអនុម័តនាពេលថ្មីៗនេះរបស់ EU ដែលហាមប្រាមការនាំចូលផលិតផល ដែលបានមកពីដីកាប់រានព្រៃឈើ គឺជា “ការដាក់ទណ្ឌកម្ម និងអយុត្តិធម៌ចំពោះយើង និងចំពោះអាជីវកតូចតាចជាពិសេស”។
ជុំវិញបញ្ហាមួយនេះ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានបញ្ជូនមន្ត្រីកំពូលទៅកាន់សហភាពអឺរ៉ុបនាដើមខែនេះ ដើម្បីសម្តែងការព្រួយបារម្ភ ចំពោះច្បាប់កាប់បំផ្លាញព្រៃឈើ ដែលពួកគេជឿថា អាចបង្កគ្រោះថ្នាក់ដល់អាជីវកម្មកសិកម្មខ្នាតតូច។

ដោយឡែក ច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើដ៏សំខាន់របស់ EU នឹងហាមឃាត់ការនាំចូលកាហ្វេ សាច់គោ សណ្តែកសៀង និងទំនិញផ្សេងទៀត ទៅក្នុងតំបន់ លុះត្រាតែក្រុមហ៊ុនអាចផ្តល់ព័ត៌មាន “ដែលអាចផ្ទៀងផ្ទាត់បាន” ថា ផលិតផលមិនត្រូវបានដាំដុះនៅលើដី ដែលត្រូវបានកាប់បំផ្លាញព្រៃឈើក្រោយឆ្នាំ២០២០។
សូមជម្រាបដែរថា ប្រទេសទាំងពីរ គឺជាប្រទេសផលិតប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក ហើយមានចំណែកប្រហែល ៨៥% នៃការនាំចេញប្រេងដូងពិភពលោក ខណៈសហភាពអឺរ៉ុបគឺជាទីផ្សារធំទីបីរបស់ពួកគេ៕