រតនាគារសហរដ្ឋអាមេរិក មានលុយតិចជាងមហាសេដ្ឋី ៣១ នាក់

អន្តរជាតិ

កម្រិតសាច់ប្រាក់នៅរតនាគារសហរដ្ឋអាមេរិក កំពុងធ្លាក់ចុះឆ្ពោះទៅរកកម្រិតទាបដ៏គ្រោះថ្នាក់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន រង់ចាំរហូតដល់នាទីចុងក្រោយ ដើម្បីដំឡើងកម្រិតបំណុល។ នេះបើតាមការចុះផ្សាយពី CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមថ្ងៃទី ២៥ ឧសភា រតនាគារអាមេរិក​មានសាច់ប្រាក់ប្រមាណ ៣៨,៨ពាន់លានដុល្លារ ដែលធ្លាក់ចុះតាំងពីជាង ២០០ពាន់លានដុល្លារ កាលពីដើមខែ មកនៅត្រឹមចំណុចនេះ ដែលស្ទើរ​តែ​ស្មើ​នឹង​ចំណុចអប្បបរិមា ដែល​កំណត់​ត្រឹម ៣០ពាន់លានដុល្លារ។

យោងតាមទិន្នន័យពី Bloomberg Billionaires Index បានបង្ហាញថា បច្ចុប្បន្ន​មាន​មហាសេដ្ឋី ៣១ នាក់ ដែលពួកគេ​សុទ្ធតែមាន​ទ្រព្យសម្បត្តិច្រើនជាង​រតនាគារ​សហរដ្ឋអាមេរិក ដែលមានតែជិត ៣៩ពាន់លានដុល្លារនោះ​ថែមទៀត។

ក្នុងចំណោម​មហាសេដ្ឋី​ដែលមានទ្រព្យសម្បត្តិ​ច្រើនជាង​រតនាគារអាមេរិក​នោះគឺ​មានដូចជា Bernard Arnault, Elon Musk, Jeff Bezos, Warren Buffett, Bill Gates និងមេធំ Facebook មហាសេដ្ឋី Mark Zuckerberg ជាដើម។

សូមជម្រាបដែរថា ប្រសិនបើសភាមិនដំឡើងកម្រិតបំណុលត្រឹមថ្ងៃទី ០៥ ខែមិថុនាទេ រដ្ឋលេខាធិការរតនាគារ Janet Yellen ព្រមានថា រដ្ឋាភិបាលនឹងមិនមានថវិកាគ្រប់គ្រាន់ ដើម្បីទូទាត់កាតព្វកិច្ចទាំងអស់របស់ប្រទេសជាតិ ឱ្យបានពេញលេញ និងទាន់ពេលវេលានោះឡើយ៕