ការសិក្សាបង្ហាញថា អាយុជាមធ្យមរបស់មហាសេដ្ឋីពិភពលោក គឺលើសពីវ័យចូលនិវត្តន៍

អន្តរជាតិ

មហាសេដ្ឋីក្មេងៗ​កំពុង​បន្តកើនឡើង ប៉ុន្តែបើនិយាយពី​លំដាប់កំពូលវិញ ក្រុមស្ដេចត្រាញ់​មាន​លុយ​ខ្ទង់​រយពាន់លានដុល្លារ សុទ្ធតែមានវ័យ​ជរា​ណាស់ទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង អ្នកមានបំផុតលើលោក Bernard Arnault គឺមានអាយុ ៧៤ឆ្នាំ ខណៈបិតាវិនិយោគិន Warren Buffett វិញ មានវ័យរហូតដល់ទៅ ៩២ ឆ្នាំឯណោះ ខណៈទ្រព្យសម្បត្តិ​របស់ពួកគេ អាច​និយាយ​បាន​ថា ចាយដល់តជំនាន់​ក៏​សឹងតែមិនអស់ផង។

យោងតាមការចុះផ្សាយពី CNBC បានបង្ហាញថា អាយុជាមធ្យម​របស់​មហាសេដ្ឋី ៣ ១៩៤នាក់ គឺ ៦៧ឆ្នាំ ដែលលើសវ័យចូលនិវត្តន៍នៅអាមេរិក ដែលកំណត់ត្រឹម ៦៦ ឆ្នាំ និង ២ខែប៉ុណ្ណោះ ខណៈ​មហាសេដ្ឋី ៤២% មានអាយុលើសពី ៧០ឆ្នាំ ហើយមានតិចជាង ១០% ប៉ុណ្ណោះ ដែលមានអាយុ​ក្រោម ៥០ឆ្នាំ។

ដោយឡែក ក្រុម​មហាសេដ្ឋី​ដែល​មាន​អាយុ​ខុសៗ​គ្នា​ក៏​មាន​ប្រភព​នៃ​ទ្រព្យសម្បត្តិ​ខុសៗ​គ្នា​ដែរ ដោយប្រភពចំណូល​ធំៗ​គឺ វិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ពោល​មហាសេដ្ឋីមានអាយុក្រោម ៥០ឆ្នាំ ទំនោរ​រកស៊ីលើ​វិស័យហិរញ្ញវត្ថុ ២១% និងវិស័យបច្ចេកវិទ្យា ២០%។

ចំណែក​មហាសេដ្ឋី​វ័យចន្លោះពី ៥០-៧០ឆ្នាំ ភាគច្រើន​រកស៊ី​លើ​វិស័យហិរញ្ញវត្ថុ ២៤% និងក្រុមហ៊ុនឧស្សាហកម្ម ៨,៣% ស្របពេល​ស្ដេចត្រាញ់​អាយុ​លើសពី ៧០ឆ្នាំ កើបលុយពី​វិស័យហិរញ្ញវត្ថុ ១៨% ក្រុមហ៊ុនសាជីវកម្ម ១១% និងអចលនទ្រព្យ ៨,៣%៕