ប្រធានក្រុមហ៊ុន LVMH មហាសេដ្ឋីមានបំផុតលើលោក Bernard Arnault មានគម្រោងចង់ទៅបំពេញទស្សនកិច្ចនៅចិន បន្ទាប់ពីក្រុមហ៊ុនលក់សម្ភារៈនិយម កំពុងសម្លឹងរកឱកាសពង្រីកទីផ្សារនៅមហាអំណាចអាស៊ីវិញ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គម្រោងទស្សនកិច្ចរបស់មហាសេដ្ឋីមានបំផុតលើលោក កើតឡើងក្រោយ LVMH ទិញយកក្រុមហ៊ុនគ្រឿងអលង្ការ Tiffany ដែលជាការទិញយកធំបំផុត និងមានបំណងយក Brand មួយនេះទៅប្រជែងជាមួយ Cartier នៅទីផ្សារប្រទេសចិន។
គួររំលឹកដែរថា មន្ត្រីចិនបានសង្កត់ធ្ងន់ថា ចិនបានបើកច្រកព្រំដែនដើម្បីឲ្យវិនិយោគិនបរទេស មករកស៊ីនៅទីនេះវិញ កាលពីខែធ្នូ ខណៈការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចហាក់មានភាពយឺតយ៉ាវ ប៉ុន្តែវិស័យគ្រឿងប្រណីតៗនៅតែមានសន្ទុះខ្លាំង ដ្បិតគ្រួសារលំដាប់អភិជន នៅតែរក្សាទម្លាប់ចាយលុយពេញៗដៃរបស់ពួកគេ។
គួររំលឹកដែរថា ប្រភពជិតស្និទ្ធមួយបង្ហើបថា Bernard Arnault នឹងធ្វើទស្សនកិច្ចទៅកាន់ទីផ្សារនាំចូលទាំងអស់របស់ចិននាខែនេះ បន្ទាប់ពីបុគ្គលមានមុខមាត់ដូចជា CEO ក្រុមហ៊ុន JPMorgan Chase & Co លោក Jamie Dimon និងប្រធានក្រុមហ៊ុន Tesla Inc លោក Elon Musk ទើបនឹងបញ្ចប់ទស្សនកិច្ចនៅមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២៕