សេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ FSB បាននិយាយកាលពីថ្ងៃទី ០១ មិថុនាថា ពួកគេបានស្រាយចំណងប្រតិបត្តិការចារកម្មអាមេរិក ដែលបានលួចទិន្នន័យប្រជាពលរដ្ឋរាប់ពាន់នាក់ តាមរយៈទូរស័ព្ទ iPhone។
FSB ថែមទាំងចេញសេចក្ដីថ្លែងការណ៍មួយទៀតថា ទូរស័ព្ទ iPhone រាប់ពាន់គ្រឿង ដែលត្រូវបានលួចទិន្នន័យ រាប់បញ្ចូលទាំងមន្ត្រីរាជការ ក៏ដូចជាអ្នកការទូតបរទេស ដែលមានមូលដ្ឋាននៅរុស្ស៊ី និងអតីតសហភាពសូវៀត។ នេះបើតាមការចុះផ្សាយពី CNA។
FSB បាននិយាយថាផែនការនេះ បង្ហាញពី “កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ” រវាង Apple និងទីភ្នាក់ងារសន្តិសុខជាតិ (NSA) ដែលជាទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ទទួលខុសត្រូវលើការស៊ើបការណ៍សម្ងាត់ ទំនាក់ទំនង និងសន្តិសុខ ប៉ុន្តែ FSB មិនបានផ្តល់ភស្តុតាងដែលថា Apple សហការជាមួយ ឬមានការយល់ដឹងអំពីយុទ្ធនាការចារកម្មនោះទេ។
ទាក់ទងនឹងបញ្ហាមួយនេះ ក្រុមហ៊ុន Apple បានចេញមុខច្រានចោលការចោទប្រកាន់ខាងលើ ដោយបានអះអាងថា “ពួកយើងមិនដែលធ្វើការជាមួយរដ្ឋាភិបាលណាទាំងអស់ ហើយក៏មិនដាក់កម្មវិធីចារកម្មចូលក្នុងផលិតផល Apple ជាដាច់ខាត” ខណៈ NSA ក៏បដិសេធមិនផ្ដល់យោបល់ជុំវិញបញ្ហានេះដូចគ្នា៕