លោក Jamie Dimon នាយកប្រតិបត្តិធនាគារកំពូលអាមេរិក JPMorgan Chase & Co កំពុងបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ បន្ទាប់ពីលោកទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិននាសប្ដាហ៍នេះ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Dimon ខកខានជាន់ដីកោះតៃវ៉ាន់ជិតមួយទសវត្សហើយ បើទោះជាធនាគារអាមេរិកមានវត្តមាននៅដីកោះមួយនេះ តាំងពីឆ្នាំ ១៩៧០ ក្ដី។
ប្រភពមួយសុំមិនបញ្ចេញឈ្មោះបានអះអាងថា ក្នុងដំណើរទស្សនកិច្ចមួយនេះ លោក Dimon នឹងជួបសំណេះសំណាលជាមួយបុគ្គលិកធនាគារ និងអតិថិជន ប៉ុន្តែមិនមានគម្រោងជួបជាមួយរដ្ឋមន្ត្រីតៃវ៉ាន់នោះឡើយ។
គួររំលឹកថា JPMorgan មានបុគ្គលិកច្រើនជាង ៥០០នាក់នៅតៃវ៉ាន់ ជាកន្លែងដែលក្រុមហ៊ុនផ្តល់សេវាធនាគារសាជីវកម្ម វិនិយោគ និងធនាគារពាណិជ្ជ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិសោធននិវត្តន៍សាធារណៈផងដែរ។
ជម្រាបបន្ថែមថា លោក Dimon នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់៕