ត្រឹម ៥ ខែដំបូង វៀតណាម កើបលុយពីការនាំចេញអង្ករបានជាង ២ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមការប្រកាសពីស្រកួងកសិកម្ម និងអភិវឌ្ឍរបស់វៀតណាម បានបង្ហាញឱ្យដឹងថា ការនាំចេញអង្កររបស់ខ្លួន បានកើនឡើងដល់ ៤៩% ក្នុងរយ:ពេល ៥ ខែដំបូងឆ្នាំនេះ ក្នុងបរិមាណ ៣,៩ លានតោន ជាមួយនឹងប្រាក់ចំណូល ២,០២ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VnExpress បានបង្ហាញឱ្យដឹងទៀតផងដែរថា ហ្វីលីពីន គឺជាអ្នកនាំចូលអង្ករច្រើនបំផុតពីវៀតណាម ក្នុងចំនួនសរុប ១,២៩ លានតោន ពោលគឺបានកើនឡើង ៤០,៦% ស្របពេលការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក៏បានកើនឡើងដល់ ២៦ ដង ផងដែរ ។

មិនតែប៉ុណ្ណោះ លោក Nguyen Ngoc Nam ប្រធានសមាគមស្បៀងអាហារវៀតណាម បាននិយាយថាអ្នកផលិតអង្កររបស់ខ្លួន កំពុងមានឆ្នាំដ៏ល្អបំផុត ជាមួយនឹងទិន្នផលខ្ពស់ រួមទាំងតម្រូវការកើនឡើងខ្លាំង ជាពិសេសនៅក្នុងទីផ្សារកំពូលៗរបស់ខ្លួន ដូចជាហ្វីលីពីន ចិន និងម៉ាឡេស៊ី ជាដើម ។

ទន្ទឹមនឹងនេះ លោក Nguyen បានប្រាប់ទៅកាន់ VnExpress ទៀតថា ការនាំចេញទៅកាន់បណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ក៏មានការកើនឡើងខ្លាំងផងដែរ នៅពេលដែលប្រទេសវៀតណាម កំពុងសម្លឹងរកមើលឱកាសបន្ថែមទៀត បន្ទាប់ពីដៃគូប្រជែងសំខាន់ៗរបស់ខ្លួនដូចជា ឥណ្ឌា និងថៃ កំពុងជួបបញ្ហា។

លើសពីនេះ បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងអូសបន្លាយនោះ ក៏បានបង្កឱ្យមានការកើនឡើងនៃតម្រូវការស្បៀងអាហារពិភពលោក ផងដែរ ស្របពេលក្រុមអ្នកផលិតអង្ករវៀតណាម បាននិយាយថាខ្លួនមិនមានអង្ករផ្គត់ផ្គង់គ្រប់គ្រាន់នោះឡើយ បន្ទាប់ពីមានការកើនឡើងនៃការបញ្ជាទិញ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ៕