រដ្ឋមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសអាមេរិកម្នាក់ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី ០៤ មិថុនាកន្លងទៅ ជាមួយគោលបំណងជួបប្រជុំជាមួយភាគីចិន ជុំវិញការបង្កើនទំនាក់ទំនងរវាងប្រទេសទាំង ២ ឡើងវិញ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel Kritenbrink នឹងពិភាក្សាអំពី “បញ្ហាសំខាន់ៗនៅក្នុងទំនាក់ទំនងទ្វេភាគី” ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសចិន។
ប្រធានបទដែលនឹងត្រូវយកមកជជែកនៅក្នុងកិច្ចប្រជុំនោះគឺមានដូចជា បញ្ហាសិទ្ធមនុស្ស និងបន្តតស៊ូមតិដើម្បីសេរីភាពជាមូលដ្ឋានរបស់ប្រជាជននៅក្នុងប្រទេសចិន។
គួររំលឹកដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិនកំពុងមានភាពល្អក់កករជាខ្លាំង បន្ទាប់ពីមានបញ្ហាសិទ្ធមនុស្សរវាងតៃវ៉ាន់ និងចិន រហូតដល់សកម្មភាពយោធានៅសមុទ្រចិនខាងត្បូង។
សូមជម្រាបបន្ថែមថា លោក Kritenbrink នឹងបំពេញទស្សនកិច្ចការទូតរហូតដល់ថ្ងៃទី ១០ មិថុនា ហើយលោកនឹងបន្តធ្វើទស្សនកិច្ចនៅប្រទេសនូវែលសេឡង់ ដើម្បីចូលរួមកិច្ចប្រជុំ “កិច្ចសន្ទនាយុទ្ធសាស្ត្រអាមេរិក-នូវែលសេឡង់” ផងដែរ៕