អតីតនាយកប្រតិបត្តិក្រុមហ៊ុន NBCUniversal លោក Joe Benarroch នឹងចូលបម្រើការងារនៅក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក Elon Musk គឺក្រុមហ៊ុនបណ្ដាសង្គម Twitter ក្នុងមុខតំណែងមួយដែលផ្ដោតលើប្រតិបត្តិការអាជីវកម្ម។ នេះបើតាមសម្ដីរបស់លោក Joe ប្រាប់ទៅកាន់សារព័ត៌មាន Reuters។
អតីតបុគ្គលិកក្រុមហ៊ុន NBCUniversal ក៏បានបញ្ជាក់ដែរថា លោកសង្ឃឹមយ៉ាងមុតមាំ ចំពោះការរួមការងារជាមួយ Twitter ក្នុងការបង្កើត Twitter 2.0 ទាំងអស់គ្នា ខណៈមុខតំណែងរបស់លោកនៅមិនទាន់បង្ហើបឲ្យដឹងនោះទេ។
គួររំលឹកដែរថា អំឡុងពេលធ្វើការនៅ NBCUniversal លោក Joe រ៉ាប់រងតួនាទីលើផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម និងភាពជាដៃគូ ខណៈការតែងតាំងរបស់លោកនៅ Twitter ធ្វើឡើង បន្ទាប់ពីបុគ្គលិកជាន់ខ្ពស់ជាច្រើនរូប បានលាលែងពីមុខតំណែង។
សូមជម្រាបដែរថា លោក Joe ក៏ធ្លាប់រួមការងារជាមួយនាយកប្រតិបត្តិថ្មីរបស់ Twitter អ្នកស្រី Linda Yaccarino អំឡុងពេលធ្វើការជាមួយគ្នានៅ NBCUniversal ផងដែរ៕