ថ្មីៗនេះ រដ្ឋមន្ត្រីផ្លូវដែក លោក Ashwini Vaishnaw បាននិយាយថា ក្រុមប្រឹក្សាផ្លូវដែករបស់ប្រទេសឥណ្ឌា នឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ជុំវិញករណីរថភ្លើងជាច្រើនខ្សែបុកគ្នា កាលពីថ្ងៃសុក្រ ទី ២ ខែមិថុនា កន្លងទៅ ដែលធ្វើឱ្យអ្នកដំណើរជាច្រើនរយនាក់ បានបាត់បង់ជីវិត ។
ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសឥណ្ឌា បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួន កាលពីថ្ងៃអាទិត្យ និងបានកំណត់ឃើញពីមុខសញ្ញាខ្លះៗនៃមូលហេតុចម្បង ដែលទំនងជាបណ្តាលឱ្យកើតមានឧបទ្ទវហេតុនេះ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧៥ នាក់ ។
គួរឱ្យដឹងថាមនុស្សចំនួន ១ ២០០ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរថភ្លើងដឹកអ្នកដំណើរបានបុកជាមួយរថភ្លើងដឹកទំនិញ ដែលចតចោល ហើយបានធ្លាក់ចេញពីផ្លូវ និងបានបន្តបុកជាមួយនឹងរថភ្លើងដឹកអ្នកដំណើរមួយផ្សេងទៀត ដែលកំពុងឆ្លងកាត់ ក្នុងទិសដៅផ្ទុយគ្នា នៅក្នុងរដ្ឋ Odisha ភាគខាងកើតក្បែរស្រុក Balsore ប្រទេសឥណ្ឌា ។
យ៉ាងណាមិញ លោក Vaishnaw បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖ ” សម្រាប់ការស៊ើបអង្កេតទៅលើករណីនេះ នាពេលខាងមុខ ការស្នើសុំមួយត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាផ្លូវដែក ដើម្បីប្រគល់ករណីនេះ ទៅកាន់ការិយាល័យកណ្តាលនៃការស៊ើបអង្កេតរបស់ប្រទេសឥណ្ឌា ” ។
ទន្ទឹមនឹងនេះ មន្ត្រីផ្លូវដែករូបនេះ បានបន្ថែមឱ្យដឹង នៅក្នុងការសន្និដ្ឋានជំហានដំបូងរបស់ខ្លួនថា ករណីនេះ កំពុងស្ថិតនៅក្នុងការង្ស័យថាមានកំហុសបច្ចេកទេសទៅលើប្រព័ន្ធគ្រប់គ្រងផ្លូវដែកអេឡិចត្រូនិក ដែលជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរ រត់នៅលើផ្លូវរបស់រថភ្លើងដឹកទំនិញ ។
ជម្រាបជូនផងដែរថា គ្រោះថ្នាក់រថភ្លើងបុកគ្នា កាលពីថ្ងសុក្រ គឺជាសោកនាដកម្មសម្លាប់មនុស្សដ៏ច្រើនបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជាង ២ ទសវត្សរ៍ចុងក្រោយ ចាប់តាំងពីគ្រោះថ្នាក់រថភ្លើងបុកគ្នា កាលពីឆ្នាំ ១៩៩៥ នៅក្បែរទីក្រុង Agra ដែលបានសម្លាប់ជីវិតមនុស្សជាង ៣០០ នាក់ ៕