នាថ្ងៃទី ០៥ មិថុនានេះ អង្គការសហប្រជាជាតិហៅកាត់ UN បានបង្ហាញថា ពួកគេមានការព្រួយបារម្ភ អំពីការឃុំខ្លួនមនុស្សនៅហុងកុង ដែលជាប់ពាក់ព័ន្ធនឹងគម្រប់ខួប ៣៤ឆ្នាំ នៃការបង្ក្រាបការបះបោរនៅ Tiananmen Square។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប៉ូលិសហុងកុងបានឃាត់ខ្លួនមនុស្ស ២៣នាក់កាលពីថ្ងៃអាទិត្យ ក្រោយចោទប្រកាន់ថា ពួកគេធ្វើឲ្យខូចសន្តិសុខសាធារណៈ និងឃាត់ខ្លួនស្ត្រីវ័យ ៥៣ឆ្នាំម្នាក់ទៀត ដែលបាន “រារាំងសមត្ថកិច្ច” ខណៈហេតុការណ៍នេះកើតឡើងចំពេលគម្រប់ខួបការបង្ក្រាបការបះបោរដ៏ធំនៅទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៨៩។
ទន្ទឹមនឹងនោះ UN ក៏អំពាវនាវឲ្យមានការដោះលែងមនុស្សវិញ និងសំណូមពរឲ្យដោះស្រាយគ្នាតាមបែបសន្តិវិធី និងការពារសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ។
ដោយឡែក ទាក់ទងនឹងបញ្ហាមួយនេះ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា “ទីក្រុងហុងកុងសព្វថ្ងៃ កំពុងផ្លាស់ប្តូរពីភាពវឹកវរទៅជាស្ថិរភាព និងវិបុលភាព តាមគន្លងត្រឹមត្រូវនៃគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ។
បន្ថែមពីនោះ អ្នកនាំពាក្យក្រសួងបាននិយាយថា “កងកម្លាំងខាងក្រៅ” រួមទាំងសហរដ្ឋអាមេរិកគួរតែរក្សាច្បាប់អន្តរជាតិ និងបញ្ឈប់ “ឧបាយកលនយោបាយឥតប្រយោជន៍” លើទីក្រុងហុងកុង ដើម្បីទប់ស្កាត់ប្រទេសចិន។
ការរឹតបន្តឹងលើការនិយាយ និងការតវ៉ាជាសាធារណៈនៅក្នុងតំបន់រដ្ឋបាលនៃទីក្រុងហុងកុង បានរារាំងដល់អ្វីដែលធ្លាប់ជាភ្លើងទៀនប្រារព្ធខួបនៃការបង្រ្កាប Tiananmen Square ស្របពេលសកម្មជនហុងកុងនិយាយថា សកម្មភាពប៉ូលិសបែបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយរបស់ប្រទេសចិន ដើម្បីកំទេចការមិនពេញចិត្តនៅក្នុងទីក្រុងដែលធ្លាប់តែមានសេរីភាពអស់រយៈពេល ៥០ ឆ្នាំក្រោមគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ”៕