វៀតណាម មិនត្រូវបានក្រុមហ៊ុន Apple ដាក់បញ្ជូលក្នុងបញ្ជីប្រទេស សម្រាប់ការបើកដំណើរការហាងថ្មីៗចំនួន ១៥ របស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយរាប់ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៧ ខាងមុខនោះឡើយ។
នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក គ្រោងនឹងធ្វើការសាងសង់ កែប្រែ និងផ្លាស់ប្តូរទីតាំង ហាងថ្មីរបស់ខ្លួន នៅក្នុងប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី និងអូស្ត្រាលី។
យ៉ាងណាមិញ នេះមានន័យថា ម៉ាឡេស៊ី នឹងក្លាយជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ ដែលក្រុមហ៊ុន Apple នឹងបើកហាងថ្មីរបស់ខ្លួននៅទីនោះ បន្ទាប់ពីសិង្ហបុរី និងថៃ ។
គួរឱ្យដឹងថា ក្រុមហ៊ុន Apple កាលពីខែមុន បានបើកដំណើរការហាងលក់នៅលើអនឡាញមួយ សម្រាប់អតិថិជនវៀតណាម ស្របពេលអ្នកវិភាគជាច្រើន រំពឹងថានេះអាចជាពន្លឺថ្មីមួយ ដែលនាំឱ្យមានការឈានទៅដល់ការបើកហាងជាផ្លូវការ នៅក្នុងប្រទេសនេះ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple ហាក់នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ ចំពោះការបើកដំណើរការហាងផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសវៀតណាមនៅឡើយនោះទេ បើទោះបីជាពួកគេ បាននិងកំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង នៅក្នុងទីផ្សារប្រទេសនេះ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ។
ជម្រាបជូនផងដែរថា បច្ចុប្បន្ន Apple មានហាងផ្លូវការច្រើនជាង ៥២០ នៅក្នុងប្រទេសចំនួន ២៦ ទូទាំងពិភពលោក ដោយប្រហែលពាក់កណ្តាលនៃហាងទាំងនោះមានទីតាំង នៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្ទាល់ ៕