ផ្លេតហ្វមរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក Binance និងនាយកប្រតិបត្តិរបស់ខ្លួន Changpeng Zhao បានដំណើរការ “បណ្តាញនៃការបោកបញ្ឆោត” ដែលរួមបញ្ចូលការបំប៉ោងទំហំពាណិជ្ជកម្មរបស់ខ្លួនដោយសិប្បនិម្មិត និងការបង្វែរទ្រព្យសម្បត្តិអតិថិជន។ នេះបើតាមគណៈកម្មការមូលបត្រអាមេរិក SEC បានចោទប្រកាន់ Binance កាលពីថ្ងៃទី ០៥ មិថុនា។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា Binance និង Zhao ត្រូវបានប្ដឹងចំពោះការខកខាន ក្នុងការដាក់កំហិតអតិថិជនអាមេរិកពីកម្មវិធីរបស់ខ្លួន និងធ្វើឱ្យវិនិយោគិនយល់ច្រឡំអំពីការគ្រប់គ្រងការឃ្លាំមើលទីផ្សារ ក៏ដូចជាសម្រាប់ប្រតិបត្តិការ ការផ្លាស់ប្តូរមូលបត្រដែលមិនបានចុះបញ្ជីជាដើម។
ពាក្យបណ្តឹងរបស់ SEC ដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Washington, DC ក៏បានចោទប្រកាន់ថា Binance និង Zhao អំពីគ្រប់គ្រងទ្រព្យសម្បត្តិរបស់អតិថិជនដោយសម្ងាត់ ដោយអនុញ្ញាតឱ្យពួកគេបញ្ចូលគ្នា និងបង្វែរមូលនិធិរបស់អតិថិជន ហើយ Binance បានបង្កើតអង្គភាពអាមេរិកដាច់ដោយឡែក “ជាផ្នែកមួយនៃគម្រោងដ៏ឧឡារិកមួយដើម្បីគេចចេញ ពីច្បាប់សន្តិសុខសហព័ន្ធរបស់សហរដ្ឋអាមេរិក។
សូមជម្រាបដែរថា បញ្ហាខាងលើ គឺជាពាក្យបណ្ដឹងចុងក្រោយបង្អស់រវាងរដ្ឋាភិបាលអាមេរិក និង Binance បន្ទាប់ពីពួកគេក៏ត្រូវបាន U.S. Commodity Futures Trading Commission ធ្លាប់ប្ដឹងម្ដងកាលពីខែមីនា ដោយចោទថា Binance ធ្វើការជួញដូរ “ខុសច្បាប់” និងបោកប្រាស់អតិថិជន ប៉ុន្តែស្ថាបនិក Changpeng Zhao និយាយថា ពាក្យចោទប្រកាន់ទាំងនោះជារឿងខកចិត្ត និងជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន៕