តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple Inc បានកើនឡើងដល់ចំណុចខ្ពស់បំផុត ក្នុងរយៈពេល ១៧ខែ មុនការបើកសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធីប្រចាំឆ្នាំ Worldwide Developers Conference (WWDC) ដែលនឹងធ្វើឡើងពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តម្លៃហ៊ុនរបស់ Apple កើនឡើងប្រហែល ១,៨% ដល់ ១៨៤,១៥ដុល្លារ ប៉ុន្តែបើគិតរយៈពេល ៦ខែនេះវិញ គឺកើនដល់ទៅ ៤០%ឯណោះ ស្របពេល Apple ក៏ជាក្រុមហ៊ុនតែមួយគត់ ដែលធ្លាប់មានមូលធនទីផ្សាររហូតដល់ ៣ ទ្រីលានដុល្លារកាលពីដើមឆ្នាំ ខណៈបច្ចុប្បន្នវាបានធ្លាក់មកនៅត្រឹម ២,៨៩ ទ្រីលានដុល្លារ។

បន្ថែមពីនោះ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានព្យាករណ៍ពីសមាមាត្រតម្លៃធៀបនឹងប្រាក់ចំណូលរយៈពេល ១២ ខែខាងមុខថា អាចកើនរហូតដល់ ២៨,៣៩ ខណៈមធ្យមភាគនៅក្នុងវិស័យមួយនេះមានត្រឹម ១២,៧៩ ប៉ុណ្ណោះ។
សូមជម្រាបដែរថា Apple គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមានមូលធនទីផ្សារធំៗ ដែលកំពុងមានតម្លៃភាគហ៊ុនល្អជាបណ្ដើរៗវិញ ដោយសារបច្ចេកវិទ្យា AI បានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍វិស័យបច្ចេកវិទ្យា ដែលទទួលរងផលប៉ះពាល់ខ្លាំងកាលពីឆ្នាំទៅ៕